២ សាំ‌យូ‌អែល 5:10-16

២ សាំ‌យូ‌អែល 5:10-16 គកស១៦

ព្រះបាទ​ដាវីឌ​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​គង់​ជា‌មួយ។ រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក​ម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង។ ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលីសួរ នេផេក យ៉ាភា អេលី‌សាម៉ា អេលាដា និង​អេលី‌ផាលេត។