២ សាំ‌យូ‌អែល 5

5
ដាវីឌ​ត្រូវចាក់ប្រេង​តាំងឡើង​ធ្វើ​ជា​ស្ដេច​លើ​អ៊ីស្រា‌អែល​ទាំង​មូល
1ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។ 2កាល​ពីមុន កាល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច​លើ​ទូល‌បង្គំ​គ្រប់​គ្នា គឺ​ទ្រង់​ហើយ​ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល មួយ​ទៀត ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ព្រះករុណា​ថា "ឯង​ត្រូវ​ធ្វើ​ជា​គង្វាល ឃ្វាល​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រា‌អែល"»។ 3ដូច្នេះ ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​គាល់​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ព្រះបាទ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ។ 4កាល​ព្រះបាទ​ដាវីឌឡើង​គ្រង‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សាមសិប​ឆ្នាំ ក៏​សោយ‌រាជ្យ​បាន​សែសិប​ឆ្នាំ។ 5នៅ​ក្រុង​ហេប្រុន ព្រះ‌បាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​យូដា​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ។
ព្រះបាទ​ដាវីឌ​លើក​រាជ‌ធានី​មក​នៅ​ក្រុង​យេរូ‌សាឡិម
6នៅ​គ្រា​នោះ ស្តេច និង​ពួក​ទ័ព​របស់​ទ្រង់ បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល​ងាយ​ដល់​ដាវីឌ​ថា៖ «ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កម្ចាត់​ឯង​បាន​ដែរ» ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ។ 7ប៉ុន្តែ ដាវីឌ​បាន​ចាប់​យក​បាន​ទី​មាំ‌មួន​នៃ​ស៊ីយ៉ូន ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ។ 8នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ និង​ពួក​កង្វិន​នុ៎ះ​ឯង គឺ​អស់​អ្នក​ដែល​ដាវីឌ​ស្អប់ »។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា «អ្នក​ខ្វាក់ និង​អ្នក​ខ្វិន មិន​អាច​ចូល​មកក្នុង​ដំណាក់​នេះ​បាន​ឡើយ»។ 9ព្រះបាទ​ដាវីឌ​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំ​វិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង។ 10ព្រះបាទ​ដាវីឌ​បាន​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​គង់​ជា‌មួយ។
11រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ 12ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។
13គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក​ម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង។ 14ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន 15យីបហារ អេលីសួរ នេផេក យ៉ាភា 16អេលី‌សាម៉ា អេលាដា និង​អេលី‌ផាលេត។
ពួក​ភីលី‌ស្ទីន​ត្រូវ​គេ​វាយលុក
17កាល​សាសន៍​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់​ឡើង​មក​រក​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ជម្រក​លាក់​ខ្លួន។ 18ឯ​ពួក​ភីលី‌ស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។ 19ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ឬ? តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ​ឬ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ»។ 20ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទម្លាយ មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់» ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ។ 21គេ​ក៏​បោះចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ ហើយ​ដាវីឌ និង​ពួក​ទ័ព​បាន​ប្រមូល​យក​ទាំង​អស់​ទៅ។
22ក្រោយ​នោះ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត។ 23ពេល​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហាម​ថា៖ «កុំ​ឡើង​ទៅ​ឡើយ ត្រូវ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​គេ​ពី​ខាង​ចម្ការ​មក​វិញ។ 24កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលី‌ស្ទីន»។ 25ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ស្តេច​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន ចាប់​ពី​ក្រុង​កេបា​រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល