២ សាំ‌យូ‌អែល 12:13-23

២ សាំ‌យូ‌អែល 12:13-23 គកស១៦

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ណា‌ថាន់​ថា៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» ណា‌ថាន់​ក៏​ទូល​តប​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ។ ប៉ុន្តែ ដោយ​ព្រោះ​អំពើបែប​នេះ ព្រះ​ករុណា​បានមើល​ងាយ​ព្រះ‌យេហូវ៉ា​ជា​ខ្លាំង ហើយ​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នោះ​នឹង​ត្រូវ​សុគត​មិន​ខាន»។ បន្ទាប់​មក ណា‌ថាន់​ក៏​វិល​ទៅ​ផ្ទះ​លោក​វិញ។ ព្រះ‌យេហូវ៉ា​បាន​ប្រហារ​បុត្រ​ដែល​ប្រពន្ធ​អ៊ូរី​បាន​បង្កើត​ឲ្យ​ដាវីឌ ឲ្យ​មាន​ជំងឺ​ឈឺ​ជា​ខ្លាំង។ ព្រះ​បាទ​ដាវីឌ​ក៏​សូម​អង្វរ​ដល់​ព្រះ​ពី​ដំណើរ​បុត្រ ទ្រង់​ក៏​តម​ព្រះ‌ស្ងោយ ព្រម​ទាំង​ចូល​ទៅ​ផ្ទំ​នៅ​ដី​ពេញ​មួយ​យប់​នោះ។ ពួក​ចាស់​ទុំ​នៅ​ដំណាក់ ក៏​ក្រោក​ទៅ​រក​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា‌មួយ​គេ​ដែរ។ ដល់​ថ្ងៃ​ទី​ពីរ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បម្រើ​របស់​ដាវីឌ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា «កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៀត តើ​នឹង​ធ្វើឲ្យ​ទ្រង់​កើត​ទុក្ខ​យ៉ាង​ណា​ទៅ​ទៀត»។ ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បម្រើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បម្រើ​ថា៖ «បុត្រ​របស់​យើង​សុគត​ហើយ​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «សុគត​ហើយ»។ ព្រះបាទ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក ពេល​ព្រះ‌អង្គ​បាន​ត្រឡប់​ចូល​មក​ក្នុង​ដំណាក់​វិញ ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បម្រើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ។ ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា៖ «ម្តេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ? កាល​បុត្រ​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ ទ្រង់​បែរ​ជា​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​វិញ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តម ហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​រស់ តែ​ឥឡូវ​នេះ បុត្រ​សុគត​ទៅ​ហើយ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ? យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​អាច​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ សាំ‌យូ‌អែល 12:13-23