២ ពង្សាវ‌តារ‌ក្សត្រ 9

9
ពិធី​ចាក់​ប្រេង​អភិ‌សេក​យេហ៊ូវ​ជា​ស្តេច
1គ្រា​នោះ ហោរា​អេលី‌សេ​ហៅ​ម្នាក់​ក្នុង​ពួក​ហោរា​មក​ប្រាប់​ថា៖ «ចូរ​ក្រវាត់​ចង្កេះ យក​ដប​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ 2ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោកឲ្យចេញ​ពី​ពួក​បង‌ប្អូន​លោក នាំ​ទៅ​បន្ទប់​ខាង​ក្នុង 3រួច​យក​ប្រេង​នេះ​ចាក់​លើ​ក្បាល​លោក ដោយ​ជម្រាប​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំងអ្នក​ឡើង​ជា​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល" រួច​ហើយ​ចូរ​អ្នក​បើក​ទ្វារ​រត់​ទៅ កុំ​បង្អង់​ឡើយ»។
4ដូច្នេះ មនុស្ស​កំលោះ ជា​អ្នក​បម្រើ​ពួក​ហោរា​នោះ ក៏​ទៅ​ឯ​រ៉ាម៉ូត-កាឡាត។ 5ពេល​គាត់​ទៅ​ដល់ ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា‌មួយ​គ្នា គាត់​ក៏​ជម្រាប​ថា៖ «លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​លោក!» រួច​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ?» គាត់​ឆ្លើយ​ថា៖ «លោក​មេ‌ទ័ព​អើយ គឺ​លោកហ្នឹង​ហើយ»។ 6ដូច្នេះ យេហ៊ូវ ក៏​ក្រោក​ឡើង ចូល​ទៅ​ក្នុង​ផ្ទះ រួច​អ្នក​នោះ​ចាក់​ប្រេង​លើ​ក្បាល​លោក ជម្រាប​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំង​អ្នក​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ 7ត្រូវ​ប្រហារ​ជំនួស​វង្ស​របស់​ព្រះបាទ​អ័ហាប់ ជា​ចៅ‌ហ្វាយ​របស់​អ្នក​ទៅ ប្រយោជន៍​ឲ្យ​យើង​បាន​សង‌សឹក​នឹង​យេសិ‌បិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង និង​ឈាម​របស់​ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​អស់​ដែរ។ 8ដ្បិត​ជំនួរ​វង្ស​របស់​ព្រះបាទ​អ័ហាប់​ត្រូវ​វិនាស​ទៅ​អស់​រលីង ហើយ​យើង​នឹង​កាត់‌កាល់​អស់​ទាំង​កូន​ប្រុសៗ​ពី​ព្រះបាទ​អ័ហាប់​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក និង​ពួក​អ្នក​ឥត​ចំណង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ផង។ 9យើង​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​នៃ​ប្អាសា ជា​កូន​អ័ហ៊ី‌យ៉ា​ដែរ ។ 10ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​តំបន់​មួយ​ក្នុង​ក្រុង​យេស‌រាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ"» រួច​ហើយ​គាត់​ក៏​បើក​ទ្វារ​រត់​ចេញ​ទៅ។
11ពេល​លោក​យេហ៊ូវ​ត្រឡប់​មក​ជួប​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក​វិញ មាន​ម្នាក់​សួរ​ថា៖ «តើ​កិច្ច‌ការ​ទាំង​អស់​ល្អ​ឬ​ទេ? ហេតុ​អ្វី​មនុស្ស​ចម្កួត​នេះ​មក​រក​លោក?» លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ស្គាល់អ្នក​នេះ និង​រឿង​របស់​គេ​ហើយ»។ 12ប៉ុន្តែ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «មិន​ពិត​ទេ សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក»។ លោក​ក៏​ប្រាប់​ថា៖ «អ្នក​នោះ​បាន​និយាយ​ប្រាប់​ខ្ញុំ​យ៉ាង​នេះ​មួយៗ​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​បាន​ចាក់​ប្រេង​តាំង​ឯង​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល​ហើយ"»។ 13ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ រួច​ផ្លុំ​ត្រែ​ឡើង​ថា៖ «យេហ៊ូវ​ជា​ស្តេច»។
ព្រះបាទ​យ៉ូរ៉ាមត្រូវ​គេ​ធ្វើ​សុគត
14លោក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី លោក​គិត​ក្បត់​នឹង​ព្រះបាទ​យ៉ូរ៉ាម។ ព្រះបាទ​យ៉ូរ៉ាម និង​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន កំពុង​តែ​ការពារ​រក្សា​ក្រុង​រ៉ាម៉ូត-កាឡាត ដោយ​ព្រោះ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី 15តែ​ព្រះបាទ​យ៉ូរ៉ាម​បាន​វិល​ទៅ​ឯ​យេស‌រាល ព្យាបាល​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ជា​ស្តេច​ស៊ីរី​នោះ។ យេហ៊ូវ​ពោល​ថា៖ «បើ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​ដូច្នេះ​ហើយ នោះ​កុំ​ឲ្យ​អ្នក​ណា​ចេញ​រួច​ពី​ទី​ក្រុង​នេះ នាំ​ដំណឹង​ទៅ​ប្រាប់​ក្នុង​ក្រុង​យេស‌រាល​ឡើយ»។ 16យេហ៊ូវ​ក៏​ឡើង​ជិះ​រថ​ទៅ​ឯ​យេស‌រាល ដ្បិត​ព្រះបាទ​យ៉ូរ៉ាម​ផ្ទំ​ប្រឈួន​នៅ​ទី​នោះ ហើយ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ជា​ស្តេច​យូដា បាន​យាង​ចុះ​មក​សួរ​សុខទុក្ខ​ព្រះបាទ​យ៉ូរ៉ាម។
17មាន​អ្នក​ចាំ​យាម​ឈរ​លើ​ប៉ម​យេស‌រាល ក៏​ឃើញ​ពួក​អ្នក​ខាង​ព្រះបាទ​យេហ៊ូវ​ដែល​កំពុង​តែ​មក ហើយ​គាត់​ប្រាប់​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​មួយ​ពួក​មក»។ ព្រះបាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​តម្រូវ​ទ័ព​សេះ​ម្នាក់​ចាត់​ឲ្យ​ទៅ​ជួប​នឹង​គេ​សួរ​ថា "តើ​មក​ដោយ​មេត្រី​ឬ?"»។ 18ដូច្នេះ ទ័ព​សេះ​ម្នាក់​នោះ​ក៏​ចេញ​ទៅ​ជួប​នឹង​គេ ប្រាប់​ថា៖ «ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ដូច្នេះថា "តើ​មក​ដោយ​មេត្រី​ឬ?"» តែ​ព្រះបាទ​យេហ៊ូវ​តប​ថា៖ «តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ជា​មួយ​សេចក្ដី​មេត្រី​នោះ? ចូរ​ទៅ​ជិះ​ពី​ក្រោយ​យើង​ទៅ»។ អ្នក​ចាំ​យាម​ក៏​ប្រាប់​ថា៖ «អ្នក​ដែល​ចាត់​ទៅ​នោះ បាន​ទៅ​ដល់​គេ​ហើយ តែ​គាត់​មិន​ត្រឡប់​មក​វិញ​សោះ»។ 19បន្ទាប់​មក ទ្រង់​ចាត់​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ អ្នក​នោះ​បាន​ទៅ​ដល់​ប្រាប់​គេ​ថា៖ «ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា "តើ​មក​ដោយ​មេត្រី​ឬ?"» ហើយព្រះបាទ​យេហ៊ូវ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ជា​មួយ​សេចក្ដី​មេត្រី​នោះ? ចូរ​ទៅ​ជិះ​ពី​ក្រោយ​យើង​ទៅ»។ 20អ្នក​ចាំ​យាម​ប្រាប់​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ឃើញ​មក​វិញ​សោះ មើល​ទៅ​អ្នកបរទេះ​ដូច​ជាព្រះបាទ​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន»។
21ព្រះបាទ​យ៉ូរ៉ាម​បង្គាប់​ថា៖ «ចូរ​រៀបចំ» គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​ព្រះបាទ​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រា‌អែល និង​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​មួយ​រៀង​អង្គ ចេញ​ទៅ​ជួប​នឹងព្រះបាទ​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។ 22ពេល​ព្រះបាទ​យ៉ូរ៉ាម​ឃើញ​ព្រះបាទ​យេហ៊ូវ ទ្រង់​មាន​រាជ​ឱង្ការ​ថា៖ «យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ?» ព្រះបាទ​យេហ៊ូវ​ឆ្លើយ​តប​ថា៖ «តើ​មាន​មេត្រី​ម្ដេច​បាន បើ​នៅ​មាន​អំពើ​ផិត​ក្បត់ និង​មន្ត​អាគម​របស់​យេសិ‌បិល ជា​មាតា​របស់​ព្រះ‌អង្គ​យ៉ាង​ច្រើន​ដូច​នេះ?»។ 23ដូច្នេះ យ៉ូរ៉ាម​ក៏​ញាក់​បង្ហៀរ​រត់​ទៅ ដោយ​មាន​រាជ‌ឱង្ការទៅ​អ័ហា‌ស៊ីយ៉ា​ថា៖ «អ័ហា‌ស៊ីយ៉ា​អើយ នេះ​ជា​ការ​ក្បត់​ទេ»។ 24ព្រះបាទ​យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កម្លាំង បាញ់​ទៅ​ត្រូវ​ចំ​កណ្ដាល​ខ្នង​ព្រះបាទ​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះដូង ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ​នៅ​ក្នុង​‌រាជ‌រថ។ 25ព្រះបាទ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា៖ «ចូរ​លើកសព​បោះ​ចោល​ទៅ​ក្នុង​ចម្ការ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ និង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​ព្រះបាទ​អ័ហាប់​ជា​បិតា​របស់​យ៉ូរ៉ាម ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​នេះ​ចំ​លើ​រូប​ទ្រង់​ថា 26"ប្រាកដ​មែន ម្សិល​មិញ យើង​បាន​ឃើញ​ឈាម​របស់​ណា‌បោត និង​ឈាម​របស់​កូន​ប្រុស​គាត់។ ដូច្នេះ យើង​នឹង​សង​ឯង​នៅ​ក្នុង​ចម្ការ​នេះ​ឯង" នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​លើក​សព​បោះ​ចោល​ទៅ​ក្នុង​ចម្ការ​នេះ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ»។
ព្រះបាទ​អ័ហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា សោយ​ទិវង្គត
27ពេល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា​បាន​ឃើញ​ការ​ដូច្នោះ ទ្រង់​ក៏​រត់​ទៅ​តាម តែ​ព្រះបាទ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា៖ «ចូរ​វាយ​សម្លាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ» ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីប‌លាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។ 28ពួក​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ដឹក‌សព​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម បញ្ចុះ​ក្នុង​ផ្នូ​របស់​ទ្រង់ នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ក្រុង​ដាវីឌ​ទៅ។
29ឯ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា ក្នុង​ឆ្នាំ​ទី​ដប់​មួយ នៃ​រជ្ជ‌កាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់។
ព្រះ‌នាង​យេសិ‌បិល​សោយ​ទិវង្គត
30ពេល​ព្រះបាទ​យេហ៊ូវ​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក 31កាល​ព្រះបាទ​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា៖ «តើ​មាន​សន្តិភាព​ទេ ស៊ីមរី ជា​អ្នក​សម្លាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ?» 32លោក​ក៏​ងើប​មើល​ទៅ​បង្អួច​សួរ​ថា៖ «តើ​អ្នក​ណា​នៅ​ខាងយើង? តើ​អ្នក​ណា​ខ្លះ?» ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក។ 33ដូច្នេះ លោក​បង្គាប់​គេ​ថា៖ «ចូរ​បោះ​នាង​ចុះ​មក» ដូច្នេះ គេ​ក៏​បោះ​ទម្លាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី។ 34បន្ទាប់​មក លោក​បាន​ចូល​ទៅ​បរិ‌ភោគ​ភោជនា‌ហារ រួច​ហើយ​ក៏​បង្គាប់​ថា៖ «ចូរ​ទៅ​មើល​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នោះ ហើយ​កប់​នាង​ទៅ ដ្បិត​នាង​ជា​បុត្រ​ស្តេច​ដែរ»។ 35ប៉ុន្តែ ពេល​គេ​ក៏​ទៅ​បញ្ចុះ​សព​នាង គេឃើញ​តែ​លលាដ៏​ក្បាល ប្រអប់​ជើង និង​បាត​ដៃ​ប៉ុណ្ណោះ។ 36ពេល​គេ​ត្រឡប់​មក​វិញ ជម្រាប​ដល់​លោក ហើយ​លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ‌សារ​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា "ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិ‌បិល នៅ​តំបន់​យេស‌រាល 37ហើយ​សព​របស់​យេសិ‌បិល​នឹងក្លាយ​ជា​ជី​នៅ​លើ​ដី ក្នុង​ទី​តំបន់​នៃ​ស្រុក​យេស‌រាល បាន​ជា​មិន​ដែល​មាន​អ្នក​ណា​ថា នេះ​ជា​សព​យេសិ‌បិល​នោះ​ឡើយ"»។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល