២ ពង្សាវ‌តារ‌ក្សត្រ 4:8-37

២ ពង្សាវ‌តារ‌ក្សត្រ 4:8-37 គកស១៦

មាន​ថ្ងៃ​មួយ អេលី‌សេ​បាន​ដើរ​ទៅ​ក្រុង​ស៊ូណែម នៅ​ទី​នោះ មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។ នាង​និយាយ​ទៅ​ប្តី​ថា៖ «មើល៍ ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​ដែល​តែង​ធ្លាប់​មក​ផ្ទះ​យើង​ជា​ញយៗ​នេះ លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​មួយ​តូច​នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ជើង​ទៀន សម្រាប់​លោក​ផង។ ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ»។ ថ្ងៃ​មួយ ពេល​លោក​មក​ដល់ លោក​ចូល​ទៅ​សម្រាន្ត​ក្នុង​បន្ទប់​នោះ។ លោក​ប្រាប់​កេហា‌ស៊ី​ជា​អ្នក​បម្រើ​លោក​ថា៖ «ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​មក!»។ ពេល​គាត់​ហៅ​នាង​មក​ដល់​ហើយ នាង​ឈរ​នៅ​មុខ​លោក។ លោក​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​និយាយ​ទៅ​នាង​ថា នាង​បាន​ចាត់​ចែង​គោរព​ដល់​យើង​ជា​ខ្លាំង​ណាស់ ឥឡូវ​នេះ តើ​យើង​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ? តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជម្រាប​មេ‌ទ័ព​ធំ​ជំនួស​នាង​ឬ​ទេ?» តែ​នាង​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្ដាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ»។ លោក​សួរ​ទៀត​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា?» កេហា‌ស៊ី​ឆ្លើយ​ឡើង​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្តី​ក៏​ចាស់​ផង»។ លោក​ប្រាប់​ថា៖ «ចូរ​ហៅ​នាង​មក​នេះ» ពេល​គាត់​ហៅ​នាង​មក​ដល់ នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ។ លោក​បាន​ប្រាប់​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​បាន​បី​កូន​ប្រុស​មួយ» តែ​នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់ ជា​អ្នក​សំណព្វ​របស់​ព្រះ​អើយ សូម​កុំ​កុហក​នាង​ខ្ញុំ»។ ស្ត្រី​នោះ​ក៏​មាន​ទម្ងន់ ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ​នៅ​ឆ្នាំ​បន្ទាប់ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់។ ពេល​កូន​នោះ​ធំ​ឡើង ថ្ងៃ​មួយ វា​បាន​ចេញ​ទៅ​រក​ឪពុក ដែល​នៅ​ជា‌មួយ​ពួក​អ្នក​ច្រូត។ វា​ត្អូញ​ប្រាប់​ឪពុក​ថា៖ «ខ្ញុំ​ឈឺ​ក្បាល! ខ្ញុំ​ឈឺ​ក្បាល​ណាស់!» ឪពុក​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ»។ អ្នក​នោះ​បាន​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ ហើយ​ក៏​ស្លាប់​ទៅ។ នាង​បាន​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​គ្រែ​អ្នក​សំណព្វ​របស់​ព្រះ បិទ​ទ្វារ​ជិត ហើយ​ក៏​ចេញ​ទៅ។ បន្ទាប់​មក នាង​ស្រែក​ហៅ​ប្តី​របស់​នាង ហើយ​និយាយ​ថា៖ «សូម​ចាត់​បម្រើ​ម្នាក់ និង​លា​មួយ​មក​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ ហើយ​វិល​មក​វិញ»។ ប្តី​សួរ​ថា៖ «ហេតុអ្វី​ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ? នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​ទេ» នាង​ឆ្លើយ​ថា៖ «មិន​អី​ទេ»។ ពេល​នោះ នាង​បាន​ចង​កែប​លា ហើយ​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ប្រញាប់​ទៅ កុំ​បង្អង់​ឡើយ លុះ​ត្រា​តែ​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ឈប់»។ ដូច្នេះ នាង​បាន​ចេញ​ទៅ ហើយ​ជួប​អ្នក​សំណព្វ​របស់​ព្រះ​នៅ​ភ្នំ​កើមែល។ ពេល​លោក​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ លោក​បង្គាប់​ទៅ​កេហា‌ស៊ី​ជា​អ្នក​បម្រើ​ថា៖ «នុ៎ះន៏ ស្ត្រី​នៅ​ស្រុក​ស៊ូណែម ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។ ពេល​នាង​បាន​មក​ដល់​អ្នក​សំណព្វ​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នាង​ក៏​ចាប់​ជើង​លោក កេហា‌ស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណព្វ​របស់​ព្រះ​ឃាត់​ថា៖ «បណ្តោយ​តាម​នាង​ចុះ ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​បាន​លាក់​នឹង​ខ្ញុំ ឥត​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​សោះ»។ ពេល​នោះ នាង​ពោល​ថា៖ «តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​មែន​ទេ? តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ឬ​ទេ?» លោក​អេលីសេ​បង្គាប់​កេហា‌ស៊ី​ថា៖ «ចូរ​ក្រវាត់​ចង្កេះ ហើយ​កាន់​ដំបង​របស់​ខ្ញុំ​ចេញ​ទៅ បើ​ជួប​អ្នក​ណា​តាម​ផ្លូវ កុំ​ជម្រាប​សួរ​គេ​ឡើយ បើ​អ្នក​ណា​ជម្រាប​សួរ​ឯង ក៏​កុំ​ឆ្លើយ​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​នៅ​លើ​មុខ​កូន​នោះ​ទៅ»។ បន្ទាប់​មក ម្តាយ​របស់​កូន​នោះ​និយាយ​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ឡើយ!»។ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង។ កេហា‌ស៊ី​បាន​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន​នោះ តែ​គ្មាន​ឮ​សំឡេង ឬ​មាន​ចលនា​អ្វី​សោះ។ គាត់​បាន​ត្រឡប់​មក​ជួប​អេលី‌សេ​វិញ ជម្រាប​ថា៖ «ក្មេង​នោះ​មិន​ភ្ញាក់​ទេ»។ ពេល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ គាត់​បាន​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​គ្រែ​របស់​លោក។ ដូច្នេះ លោក​បាន​ចូល​ទៅ​ក្នុង ហើយ​បិទ​ទ្វារ មាន​តែ​គ្នា​ពីរ​នាក់ ក៏​អធិ‌ស្ឋាន​ទូល​ដល់​ព្រះ‌យេហូវ៉ា។ ពេល​នោះ លោក​ឡើង​ទៅ​ពោប​លើកូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​មាន​កម្ដៅ​ឡើង។ លោក​បាន​ចុះ​មក​វិញ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​ប្រាំពីរ​ដង រួច​បើក​ភ្នែក។ ដូច្នេះ លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​មក​នេះ» គាត់​ក៏​ហៅ​នាង​មក។ ពេល​នាង​ចូល​មក​ដល់ លោក​ប្រាប់​ថា៖ «ចូរ​លើក​បី​កូន​នាង​ឡើង»។ នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។