មានថ្ងៃមួយ អេលីសេបានដើរទៅក្រុងស៊ូណែម នៅទីនោះ មានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះរបស់នាង។ នាងនិយាយទៅប្តីថា៖ «មើល៍ ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើងជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ សូមឲ្យយើងធ្វើបន្ទប់មួយតូចនៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សម្រាប់លោកផង។ ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ»។ ថ្ងៃមួយ ពេលលោកមកដល់ លោកចូលទៅសម្រាន្តក្នុងបន្ទប់នោះ។ លោកប្រាប់កេហាស៊ីជាអ្នកបម្រើលោកថា៖ «ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមមក!»។ ពេលគាត់ហៅនាងមកដល់ហើយ នាងឈរនៅមុខលោក។ លោកប្រាប់អ្នកបម្រើថា៖ «ចូរនិយាយទៅនាងថា នាងបានចាត់ចែងគោរពដល់យើងជាខ្លាំងណាស់ ឥឡូវនេះ តើយើងត្រូវសងគុណដល់នាងយ៉ាងណាខ្លះ? តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំជំនួសនាងឬទេ?» តែនាងឆ្លើយតបថា៖ «នាងខ្ញុំចូលចិត្តនៅតែកណ្ដាលពួកសាសន៍នាងខ្ញុំនេះទេ»។ លោកសួរទៀតថា៖ «បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា?» កេហាស៊ីឆ្លើយឡើងថា៖ «នាងគ្មានកូនទេ ហើយប្តីក៏ចាស់ផង»។ លោកប្រាប់ថា៖ «ចូរហៅនាងមកនេះ» ពេលគាត់ហៅនាងមកដល់ នាងឈរនៅត្រង់មាត់ទ្វារ។ លោកបានប្រាប់ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងបានបីកូនប្រុសមួយ» តែនាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកសំណព្វរបស់ព្រះអើយ សូមកុំកុហកនាងខ្ញុំ»។ ស្ត្រីនោះក៏មានទម្ងន់ ហើយនាងសម្រាលបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ដូចពាក្យដែលអេលីសេបានប្រាប់។ ពេលកូននោះធំឡើង ថ្ងៃមួយ វាបានចេញទៅរកឪពុក ដែលនៅជាមួយពួកអ្នកច្រូត។ វាត្អូញប្រាប់ឪពុកថា៖ «ខ្ញុំឈឺក្បាល! ខ្ញុំឈឺក្បាលណាស់!» ឪពុកបង្គាប់ទៅអ្នកបម្រើថា៖ «ចូរបីវាយកទៅឲ្យម្តាយវាទៅ»។ អ្នកនោះបានបីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ ហើយក៏ស្លាប់ទៅ។ នាងបានឡើងទៅ ដាក់វាផ្តេកនៅលើគ្រែអ្នកសំណព្វរបស់ព្រះ បិទទ្វារជិត ហើយក៏ចេញទៅ។ បន្ទាប់មក នាងស្រែកហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមចាត់បម្រើម្នាក់ និងលាមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំរត់ទៅរកអ្នកសំណព្វរបស់ព្រះ ហើយវិលមកវិញ»។ ប្តីសួរថា៖ «ហេតុអ្វីឯងចង់ទៅរកលោកនៅថ្ងៃនេះ? នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃសប្ប័ទទេ» នាងឆ្លើយថា៖ «មិនអីទេ»។ ពេលនោះ នាងបានចងកែបលា ហើយបង្គាប់អ្នកបម្រើថា៖ «ចូរប្រញាប់ទៅ កុំបង្អង់ឡើយ លុះត្រាតែខ្ញុំប្រាប់អ្នកឲ្យឈប់»។ ដូច្នេះ នាងបានចេញទៅ ហើយជួបអ្នកសំណព្វរបស់ព្រះនៅភ្នំកើមែល។ ពេលលោកបានឃើញនាងមកពីចម្ងាយ លោកបង្គាប់ទៅកេហាស៊ីជាអ្នកបម្រើថា៖ «នុ៎ះន៏ ស្ត្រីនៅស្រុកស៊ូណែម ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។ ពេលនាងបានមកដល់អ្នកសំណព្វរបស់ព្រះ នៅលើភ្នំហើយ នាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណព្វរបស់ព្រះឃាត់ថា៖ «បណ្តោយតាមនាងចុះ ព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាបានលាក់នឹងខ្ញុំ ឥតសម្ដែងឲ្យខ្ញុំដឹងសោះ»។ ពេលនោះ នាងពោលថា៖ «តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់មែនទេ? តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំឬទេ?» លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។ បន្ទាប់មក ម្តាយរបស់កូននោះនិយាយថា៖ «នាងខ្ញុំសូមស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងដោយនូវព្រលឹងលោកដែលនៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកឡើយ!»។ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាង។ កេហាស៊ីបានទៅមុន ហើយដាក់ដំបងនៅលើមុខកូននោះ តែគ្មានឮសំឡេង ឬមានចលនាអ្វីសោះ។ គាត់បានត្រឡប់មកជួបអេលីសេវិញ ជម្រាបថា៖ «ក្មេងនោះមិនភ្ញាក់ទេ»។ ពេលអេលីសេបានចូលទៅក្នុងផ្ទះ គាត់បានឃើញកូននោះស្លាប់នៅលើគ្រែរបស់លោក។ ដូច្នេះ លោកបានចូលទៅក្នុង ហើយបិទទ្វារ មានតែគ្នាពីរនាក់ ក៏អធិស្ឋានទូលដល់ព្រះយេហូវ៉ា។ ពេលនោះ លោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏មានកម្ដៅឡើង។ លោកបានចុះមកវិញ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។ ដូច្នេះ លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមមកនេះ» គាត់ក៏ហៅនាងមក។ ពេលនាងចូលមកដល់ លោកប្រាប់ថា៖ «ចូរលើកបីកូននាងឡើង»។ នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។
អាន ២ ពង្សាវតារក្សត្រ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 4:8-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ