២ ពង្សាវ‌តារ‌ក្សត្រ 14

14
ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​សោយ‌រាជ្យ​លើ​ស្រុក​យូដា
1នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​នៃ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ 2ពេល​ទ្រង់​បាន​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំបួន​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ជា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម។ 3ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ដាវីឌ​ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ ទ្រង់​បាន​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ការ​ដែល​ព្រះបាទ​យ៉ូអាស​ជា​បិតា​បាន​ធ្វើ 4ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។ 5កាល​រាជ្យ​បាន​ជាប់​នៅ​ក្នុង​អំណាច​ទ្រង់​ហើយ ទ្រង់​ក៏​សម្លាប់​ពួក​បម្រើ​ដែល​បាន​ធ្វើ​គុត​ស្តេច ជា​បិតា​របស់​ទ្រង់​ទៅ 6តែ​ឯ​កូន​ចៅ​នៃ​ពួក​អ្នក​ដែល​ធ្វើ​គុត​ស្តេច​នោះ ទ្រង់​មិន​បាន​សម្លាប់​គេ​ទេ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ថា «ឪពុក​មិន​ត្រូវ​ទោស​ដល់​ស្លាប់​ដោយ​ព្រោះ​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ទោស​ដល់​ស្លាប់​ដោយ​ព្រោះ​ឪពុក​ដែរ គឺ​គ្រប់​មនុស្ស​ត្រូវ​ស្លាប់ ដោយ​ព្រោះ​តែ​អំពើ​បាប​រៀង​ខ្លួន​វិញ»។
7ទ្រង់​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ច្បាំង​ចាប់​យក​ក្រុង​សេឡា រួច​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​ថា យ៉ុក‌ធាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
8ក្រោយ​នោះ​មក ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​ព្រះបាទ​យេហ៊ូវ ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល»។ 9ប៉ុន្តែ ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា​វិញ ទូល​ថា៖ «ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន​បាន​ចាត់​សារ​ទៅ​ឯ​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ថា "ចូរ​លើក​កូន​ស្រី​ឯង​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង" ក៏​មាន​សត្វ​ព្រៃ​សាហាវ ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ 10ឯ​ទ្រង់​បាន​វាយ​ឈ្នះ​ពួក​សាសន៍​អេដុម​ពិត​មែន​ហើយ ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​តម្កើង​ទ្រង់​ឡើង ចូរ​អួត​ពី​ដំណើរ​នោះ​ចុះ ហើយ​នៅ​ឯ​ដំណាក់​ទ្រង់​ទៅ តើ​ចង់​រក​រឿង​ដែល​នឹង​នាំ​ឲ្យ​មាន​អន្តរាយ ឲ្យ​ទ្រង់​ត្រូវ​ដួល ព្រម​ទាំង​ពួក​យូដា​ផង​ធ្វើ​អី?»។
11ប៉ុន្តែ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដូច្នេះ ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ក៏​ល្បង‌ល​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ទី​ក្រុង​របស់​ពួក​យូដា។ 12ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រា‌អែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ។ 13ឯ​ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ដែល​ជា​បុត្រ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស រួច​ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម រំលំ​កំផែង​ទី​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង អស់​បួនរយ​ហត្ថ។ 14ទ្រង់​ក៏​យក​មាស​ប្រាក់​ទាំង​អស់ និង​គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាប់​មនុស្ស​បញ្ចាំ​ទុក រួច​នាំ​ទាំង​អស់​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។
15ឯ​កិច្ច‌ការ​ផ្សេង​ទៀតដែល​ព្រះបាទ​យ៉ូអាស​បាន​ធ្វើ ពី​អំណាច​របស់​ទ្រង់ និង​ការ​ច្បាំង​ជា​មួយ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​យ៉ាង​ណា នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 16ព្រះបាទ​យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្រុង​សាម៉ារី ជា‌មួយ​ពួក​ស្តេច​អ៊ីស្រា‌អែល រួច​យេរ៉ូ‌បោម​ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
17ក្រោយ​ដែល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល​សុគត​ទៅ នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​ដប់ប្រាំ​ឆ្នាំ​ទៀត។ 18ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ធ្វើ បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ 19មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ។ 20គេ​ដាក់​សព​ទ្រង់​លើ​សេះ យក​ទៅ​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម។ 21ប្រជា​ជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បិតា។ 22គឺ​ព្រះបាទ​អ័សារា នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​ពី​ព្រះបាទ​អ័ម៉ាស៊ីយ៉ា បាន​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់។
ស្តេច​យេរ៉ូ‌បោម​ទី​ពីរ​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
23នៅ​ឆ្នាំ​ទី​ដប់ប្រាំ​ក្នុង​រាជ្យ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស​ស្តេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូ‌បោម ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ឡើង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។ 24ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម។ 25ទ្រង់​បាន​តាំង​ព្រំ​ប្រទល់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​យ៉ូណាស​ជា​កូន​អ័មី‌ថាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នៅ​កាថ-ហេភើរ។ 26ដ្បិត​ព្រះ‌យេហូវ៉ា​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អ៊ីស្រា‌អែល​ថា​ជូរ​ចត់​ណាស់ ដ្បិត​គ្មាន​អ្នក​ណា​បិទ​បាំង​ទុក ឬ​អ្នក​ណា​ដែល​ឥត​ចំណង​ឡើយ ក៏​គ្មាន​អ្នក​ណា​សម្រាប់​ជួយ​សង្គ្រោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែរ។ 27ឯ​ព្រះ‌យេហូវ៉ា​មិន​បាន​ថា ទ្រង់​នឹង​លុប​ឈ្មោះ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ក្រោម​មេឃ​នោះ​ទេ បាន​ជា​ទ្រង់​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌ហស្ត​យេរ៉ូ‌បោម ជា​បុត្រ​ព្រះបាទ​យ៉ូអាស​វិញ។
28កិច្ច‌ការ​ផ្សេង​ទៀតដែល​យេរ៉ូ‌បោម​បាន​ធ្វើ ពី​អំណាច​ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត​ជា​ទី​ក្រុង​របស់​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រា‌អែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល។ 29យេរ៉ូ‌បោម​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​ពួក​បុព្វបុរស គឺ​ជា​ពួក​ស្តេច​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន រួច​សាការី ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល