២ កូរិនថូស 4:1-18

២ កូរិនថូស 4:1-18 គកស១៦

ដូច្នេះ ដោយ​សារ​យើង​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ទើប​យើង​មាន​ការ​ងារ​បម្រើ​នេះ ហើយ​យើង​មិន​រសាយ​ចិត្ត​ឡើយ។ យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។ ប្រសិន‌បើ​ដំណឹង​ល្អ​របស់​យើង​ត្រូវ​គ្រប​បាំង នោះ​គ្រប​បាំង​តែ​ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​ប៉ុណ្ណោះ ជា​អ្នក​ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​ធ្វើ​ឲ្យ​គំនិត​របស់​គេ​ដែល​មិន​ជឿ ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ ដែល​ជា​រូប​អង្គ​ព្រះ​ភ្លឺ​ដល់​គេ។ យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​រាប់​ខ្លួន​យើង​ជា​បាវ​បម្រើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ។ ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ប៉ុន្ដែ យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់​ថា ព្រះ​ចេស្ដា​ដ៏​លើស​លុប​នេះ​ជា​របស់​ព្រះ មិន​មែន​ជា​របស់​យើង​ទេ។ យើង​ត្រូវ​គេ​សង្កត់​សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ច្រក ត្រូវ​វិល​វល់ តែ​មិន​អស់​សង្ឃឹម យើង​ត្រូវ​គេ​បៀត​បៀន តែ​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ត្រូវ​គេ​វាយ​ឲ្យ​ដួល តែ​មិន​ស្លាប់​ទេ យើង​ផ្ទុក​សេចក្តី​សុគត​របស់​ព្រះ‌យេស៊ូវ​នៅ​ក្នុង​រូប‌កាយ​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប‌កាយ​របស់​យើង​ដែរ។ ដ្បិត​យើង​ដែល​រស់​នៅ នោះ​យើង​ប្រគល់​ដល់​សេចក្តី​ស្លាប់​ជានិច្ច ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប​សាច់​របស់​យើង ដែល​តែង​តែ​ស្លាប់​នេះ។ ដូច្នេះ​ហើយ​បាន​ជា​សេចក្តី​ស្លាប់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង តែ​ជីវិត​កំពុង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។ ដោយ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​ដូច​គ្នា ស្រប​តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ក៏​ជឿ​ដែរ បាន​ជា​យើង​និយាយ ដោយ​ដឹង​ថា ព្រះ‌អង្គ​ដែល​ប្រោស​ព្រះ‌អម្ចាស់‌យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ជាមួយ​ព្រះ‌យេស៊ូវ​ដែរ ហើយ​នាំ​យើង​ចូល​ចំពោះ​ព្រះ‌អង្គ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ផង។ ព្រោះ​អ្វីៗ​ទាំង​អស់​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​ដល់​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ ហើយ​មាន​ការ​អរ‌ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ដែរ សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។ ហេតុ​នេះ យើង​មិន​រសាយ​ចិត្ត​ឡើយ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ដោយ តែ​មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ឡើង​ជា​ថ្មី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង ដែល​នៅ​តែ​មួយ​ភ្លែត​នេះ ធ្វើ​ឲ្យ​យើង​មាន​សិរី​ល្អ​ដ៏​លើស​លុប ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ព្រោះ​យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​មើល​ឃើញ​ឡើយ គឺ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​អ្វី​ដែល​មើល​ឃើញ នៅ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​មើល​មិន​ឃើញ នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច។

អាន ២ កូរិនថូស 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 4:1-18