ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។ ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី កាលពីដប់បួនឆ្នាំមុន (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)។ ខ្ញុំស្គាល់មនុស្សនោះ (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ ខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប) អ្នកនោះត្រូវបានលើកឡើងទៅស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ។ ខ្ញុំនឹងអួតពីមនុស្សនោះ តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ទោះបើខ្ញុំចង់អួតខ្លួន ក៏ខ្ញុំមិនមែនល្ងង់ខ្លៅដែរ ដ្បិតខ្ញុំនិយាយសេចក្តីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោអ្នកណាម្នាក់ស្មានអំពីខ្ញុំ លើសជាងអ្វីដែលគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។ ខ្ញុំបានអង្វរដល់ព្រះអម្ចាស់បីដង ដើម្បីឲ្យបន្លានេះថយចេញពីខ្ញុំ តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។ ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។ ខ្ញុំបានត្រឡប់ជាមនុស្សល្ងង់ខ្លៅ! គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតអ្នករាល់គ្នាគួរតែបានលើកតម្កើងខ្ញុំ ទោះជាខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំមិនចាញ់មហាសាវកទាំងនោះដែរ។ ពិតមែន មានទីសម្គាល់បានកើតឡើងក្នុងចំណោមអ្នករាល់គ្នា ដែលបញ្ជាក់ការងារជាសាវករបស់ខ្ញុំ គឺដោយការអត់ធ្មត់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង។
អាន ២ កូរិនថូស 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 12:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ