២ កូរិនថូស 1:3-9

២ កូរិនថូស 1:3-9 គកស១៦

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្ដា​ករុណា ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​គ្រប់​យ៉ាង ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។ ដ្បិត​ដូច​ដែល​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចម្រើន​ឡើង​ដល់​យើង​យ៉ាង​ណា នោះ​ការ​កម្សាន្ត​ចិត្ត​របស់​យើង ក៏​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ។ ដូច្នេះ បើ​យើង​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនា នោះ​គឺ​សម្រាប់​ជា​ការ​កម្សាន្ត​ចិត្ត និង​ការ​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា។ បើ​យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត គឺ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​កម្សាន្ត​ចិត្ត ពេល​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​យ៉ាង​អត់‌ធ្មត់​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ដែល​យើង​ក៏​មាន​ទុក្ខ​លំបាក​ដូច​គ្នា។ យើង​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​ជាមួយ​យើង​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​រួម​ចំណែក​ក្នុង​ការ​កម្សាន្ត​ចិត្ត​ជាមួយ​យើង​យ៉ាង​នោះដែរ។ ដ្បិត​បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់ ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​ថា យើង​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កម្លាំង​របស់​យើង​ទៅ​ទៀត រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​នៅ​រស់​ទៀត​ផង។ យើង​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា យើង​ខ្ញុំ​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​នោះ​វិញ។

អាន ២ កូរិនថូស 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 1:3-9