២ របា‌ក្សត្រ 20:20-30

២ របា‌ក្សត្រ 20:20-30 គកស១៦

ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​មាន​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ព្រះ‌អង្គ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកបដោយ​សេចក្ដី​ចម្រើន»។ ពេល​ស្ដេច​បាន​ពិគ្រោះ​នឹង​បណ្ដា‌ជន​ហើយ ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា៖ «ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច»។ ដូច្នេះ គេ​ចាប់ផ្ដើម​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់។ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ពេល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន គេ​មើល​ទៅ​ពួក​ធំ​នោះ ឃើញ​សុទ្ធ​តែ​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ។ កាល​ព្រះបាទ​យេ‌ហូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច​បាន​ទៅ​ដល់ ដើម្បី​រឹប​អូស​យកជ័យ‌ភណ្ឌ នោះ​គេ​ឃើញ​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​គេ​ប្រមូល​ទុក​សម្រាប់​ខ្លួន រហូត​ទាល់​តែ​យក​មិន​រួច។ គេ​នាំ​គ្នា​ប្រមូល​អស់​រយៈ​ពេល​បី​ថ្ងៃ ព្រោះ​ជ័យ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក។ នៅ​ថ្ងៃ​ទី​បួន គេ​ប្រជុំ​គ្នា​នៅជ្រលង​ភ្នំ​បេរ៉ា‌កា ព្រោះ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ហៅ​ទី​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​យូដា និង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា មាន​ទាំង​ព្រះបាទ​យេ‌ហូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង។ កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា។ ដូច្នេះ នគរ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​សុខ‌សាន្ត ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំ‌វិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ របា‌ក្សត្រ 20:20-30