២ របា‌ក្សត្រ 20:14-19

២ របា‌ក្សត្រ 20:14-19 គកស១៦

គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាកា‌រី ដែល​ជា​កូន​បេន​ណាយ៉ា បេន​ណាយ៉ា​ជា​កូន​យីអែល យីអែល​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក រួច​លោក​ពោល​ថា៖ «ឱ​ពួក​យូដា​ទាំង​អស់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យេ‌ហូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ចំពោះ​ពួកមនុស្ស​ច្រើន​នេះ​ដែរ ដ្បិត​ចម្បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ។ ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល៍ គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល។ អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ»។ ពេល​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។