២ របាក្សត្រ 17
17
រាជ្យរបស់ព្រះបាទយេហូសាផាត
1ព្រះបាទយេហូសាផាតជាបុត្រា ឡើងសោយរាជ្យជំនួសបិតា ទ្រង់ក៏ពង្រឹងកម្លាំងទាស់នឹងពួកអ៊ីស្រាអែល។ 2ទ្រង់ដាក់ឲ្យមានពលទ័ពក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិម ជាទីក្រុងដែលព្រះបាទអេសាបិតាទ្រង់ចាប់យកបានដែរ។ 3ព្រះយេហូវ៉ាគង់នៅជាមួយព្រះបាទយេហូសាផាត ព្រោះស្តេចបានប្រព្រឹត្តតាមអស់ទាំងផ្លូវដើមដំបូងរបស់ដាវីឌ ជាអយ្យកោ ទ្រង់មិនបានស្វែងរកព្រះបាលឡើយ 4គឺបានស្វែងរកតាមតែព្រះនៃអយ្យកោរបស់ស្ដេច ហើយប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ឥតប្រព្រឹត្តតាមអំពើរបស់ពួកអ៊ីស្រាអែលឡើយ។ 5ហេតុនោះបានជាព្រះយេហូវ៉ាតាំងរាជ្យឲ្យមាំមួនក្នុងអំណាចយេហូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្ណាការមកថ្វាយស្តេច ទ្រង់មានព្រះរាជ្យទ្រព្យ និងកិត្តិយសជាបរិបូរ។ 6ព្រះហឫទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងបង្គោលសក្ការៈ ចេញពីស្រុកយូដាទៅ។
7នៅឆ្នាំទីបី ក្នុងរាជ្យទ្រង់ ស្ដេចបានចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា។ 8ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយេហូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយគេ។ 9ពួកអ្នកទាំងនោះ ក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រឹត្យវិន័យនៃព្រះយេហូវ៉ា នៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្ដាជន។
10សេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា ក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងព្រះបាទយេហូសាផាតទេ។ 11មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្ណាការមកថ្វាយព្រះបាទយេហូសាផាត ព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោលប្រាំពីរពាន់ប្រាំពីររយ និងពពែឈ្មោលប្រាំពីរពាន់ប្រាំពីររយ។ 12ព្រះបាទយេហូសាផាតបានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា។ 13ស្ដេចមានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចម្បាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម។ 14តាមជំនួរវង្សរបស់ឪពុកគេ មានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានបីសែននាក់ 15បន្ទាប់មក មានយ៉ូហាណានជាមេ នៅក្រោមបង្គាប់លោកមានពីរសែនប្រាំបីម៉ឺននាក់ 16បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួនពីរសែននាក់។ 17ខាងពួកបេនយ៉ាមីន មានអេលីយ៉ាដា ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយក្រោមបង្គាប់លោកមានមនុស្សកាន់ធ្នូ និងខែលពីរសែននាក់។ 18បន្ទាប់មក មានយ៉ូសាបាឌ ហើយក្រោមបង្គាប់លោកមានមនុស្សមួយសែនប្រាំបីម៉ឺននាក់ ដែលប្រុងប្រៀបនឹងទៅច្បាំងជាស្រេច។ 19គឺអ្នកទាំងនេះហើយ ដែលចាំទទួលបម្រើស្តេច ពួកទាំងនេះក៏លើសពីពួកដែលស្តេចបានដាក់ឲ្យនៅអស់ទាំងទីក្រុងមានបន្ទាយពេញក្នុងអាណាខេត្តយូដា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies