២ របា‌ក្សត្រ 15

15
1គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​អ័សារា ជា​កូន​អូដេឌ 2ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។ 3រីឯ​នៅ​គ្រា​នោះ ពួក​អ៊ីស្រា‌អែល​ឥត​មាន​ព្រះ​ដ៏​ជា​ពិត​ទេ ក៏​គ្មាន​ពួក​សង្ឃ​ដែល​បង្ហាត់​បង្រៀន ហើយ​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ នៅ​អស់​កាល​ជា​យូរ​មក​ហើយ 4តែ​កាល​កើត​មាន​សេចក្ដី​វេទនា​នោះ ហើយ​គេ​បាន​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ស្វែង​រក​ព្រះ‌អង្គ​ផង នោះ​ក៏​រក​ព្រះ‌អង្គ​ឃើញ 5នៅ​អស់​ទាំង​គ្រា​នោះ គ្មាន​សេចក្ដី​សុខ​ដល់​អ្នក​ណា ដែល​ចេញ​ចូល​ទៅ​ឯ​ណា​ឡើយ គឺ​មាន​សុទ្ធ​តែ​សេចក្ដី​ប្រទុស‌រ៉ាយ​ជា​ខ្លាំង ដល់​អស់​អ្នក​នៅ​ក្នុង​ស្រុក​ទាំង​នោះ​វិញ 6គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​ទី​ក្រុង​មួយ​ទាស់​នឹង​ទី​ក្រុង​មួយ​ទៀត ព្រោះ​ព្រះ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទុស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង 7តែ​ឯ​អ្នក​រាល់​គ្នា ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កម្លាំង​ឡើយ ព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់»។
8កាល​ស្ដេច​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ ជា​ទំនាយ​របស់​ហោរាអ័សារា កូន​អូដេឌ​ហើយ ទ្រង់​ក៏​មាន​ចិត្ត​ក្លាហាន ហើយលុប​បំបាត់​អស់​ទាំងរូប​ព្រះ​ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រាអិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​ថែវ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ។ 9ស្ដេច​ប្រមូល​ពួក​យូដា និង​ពួក​បេនយ៉ាមីន ព្រម​ទាំង​ពួក​អេប្រាអិម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះរបស់​ស្ដេច គង់​នៅ​ជា‌មួយ​ស្ដេច។ 10ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ទីបី ឆ្នាំ​ទី​ដប់​ប្រាំ ក្នុងរជ្ជកាល​ស្ដេច​អេសា។ 11នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ពី​ជ័យ‌ភណ្ឌ​ដែល​គេ​រឹប​អូស​យក​បាន គឺ​គោ​ប្រាំពីរ​រយ​ក្បាល និង​ចៀម​ប្រាំពីរ​ពាន់ក្បាល។ 12គេ​ក៏​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា ដោយ​តាំង​ចិត្ត​ស្វែង​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​ព្រលឹង​របស់​គេ 13ហើយ​ថា អ្នក​ណា​ដែល​មិន​ព្រម​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល អ្នក​នោះ​នឹង​ត្រូវ​សម្លាប់ ទោះ​ក្មេង ឬចាស់ ប្រុស ឬ​ស្រី​ក្តី។ 14គេ​ក៏​ស្បថ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សំឡេង​ដ៏​ខ្លាំង ហើយ​ដោយ​ស្រែក​ហ៊ោ ព្រម​ទាំង​ផ្លុំ​ត្រែ និង​ស្នែង​ផង 15ពួក​យូដា​ទាំង​អស់​គ្នា​មាន​អំណរ ដោយ​សេចក្ដី​សម្បថ​នោះ ព្រោះ​គេ​បាន​ស្បថ​ដោយ​ចិត្ត​ស្មោះ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ដោយ​ពេញ​បំណង​ចិត្ត ក៏​រក​ទ្រង់​ឃើញ​ផង ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំ‌វិញ។
16ឯ​នាង​ម្អាកា ជា​មាតា​ព្រះបាទ​អេសា ទ្រង់​ក៏​ដក​ពី​ដំណែង​ជា​មាតា​ហ្លួង​ចេញ ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​គួរ​ស្អប់​ខ្ពើម​ទុក​ជា​ព្រះ ព្រះបាទ​អេសា​ក៏​កាប់​រំលំ​រូប​នោះ កិន​កម្ទេច​ជា​ផង់ យក​ទៅ​ដុត​ចោល នៅ​ត្រង់​ជ្រោះ​កេដ្រុន 17តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល​ទេ ប៉ុន្តែ ព្រះបាទ​អេសា​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​អស់​មួយ​ព្រះ‌ជន្ម​ទ្រង់ 18ព្រះរាជា​នាំ​យក​អស់​ទាំង​របស់​ដែល​បិតា​របស់​ស្ដេច​បាន​ថ្វាយ និង​របស់​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ​ផង មក​តម្កល់​ទុក ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ គឺ​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ផ្សេងៗ 19ត​ពី​នោះ​មក គ្មាន​ចម្បាំង​ទៀត​ឡើយ ដរាប​ដល់​ឆ្នាំ​ទី​សាមសិប​ប្រាំ​ក្នុង​រាជ្យ​ព្រះបាទ​អេសា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល