២ របាក្សត្រ 15
15
1គ្រានោះ ព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើអ័សារា ជាកូនអូដេឌ 2ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។ 3រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ 4តែកាលកើតមានសេចក្ដីវេទនានោះ ហើយគេបានវិលមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ព្រមទាំងស្វែងរកព្រះអង្គផង នោះក៏រកព្រះអង្គឃើញ 5នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទុសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ 6គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរមួយទាស់នឹងនគរមួយ ហើយទីក្រុងមួយទាស់នឹងទីក្រុងមួយទៀត ព្រោះព្រះធ្វើឲ្យមានសេចក្ដីប្រទុសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង 7តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកម្លាំងឡើយ ព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»។
8កាលស្ដេចអេសាបានឮពាក្យទាំងនោះ ជាទំនាយរបស់ហោរាអ័សារា កូនអូដេឌហើយ ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់អស់ទាំងរូបព្រះពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខថែវព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងជាថ្មីវិញ។ 9ស្ដេចប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាណាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។ 10ដូច្នេះ គេក៏មូលគ្នាមកឯក្រុងយេរូសាឡិម នៅខែទីបី ឆ្នាំទីដប់ប្រាំ ក្នុងរជ្ជកាលស្ដេចអេសា។ 11នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីជ័យភណ្ឌដែលគេរឹបអូសយកបាន គឺគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។ 12គេក៏ចូលទៅក្នុងសេចក្ដីសញ្ញា ដោយតាំងចិត្តស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ យ៉ាងអស់ពីចិត្ត និងអស់ពីព្រលឹងរបស់គេ 13ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល អ្នកនោះនឹងត្រូវសម្លាប់ ទោះក្មេង ឬចាស់ ប្រុស ឬស្រីក្តី។ 14គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង 15ពួកយូដាទាំងអស់គ្នាមានអំណរ ដោយសេចក្ដីសម្បថនោះ ព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
16ឯនាងម្អាកា ជាមាតាព្រះបាទអេសា ទ្រង់ក៏ដកពីដំណែងជាមាតាហ្លួងចេញ ដោយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះ ព្រះបាទអេសាក៏កាប់រំលំរូបនោះ កិនកម្ទេចជាផង់ យកទៅដុតចោល នៅត្រង់ជ្រោះកេដ្រុន 17តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែ ព្រះបាទអេសាមានព្រះហឫទ័យស្មោះត្រង់អស់មួយព្រះជន្មទ្រង់ 18ព្រះរាជានាំយកអស់ទាំងរបស់ដែលបិតារបស់ស្ដេចបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយផង មកតម្កល់ទុក ក្នុងព្រះដំណាក់នៃព្រះ គឺប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ 19តពីនោះមក គ្មានចម្បាំងទៀតឡើយ ដរាបដល់ឆ្នាំទីសាមសិបប្រាំក្នុងរាជ្យព្រះបាទអេសា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies