១ សាំ‌យូ‌អែល 18:1-16

១ សាំ‌យូ‌អែល 18:1-16 គកស១៦

ពេល​ដាវីឌ​បាន​ទូល​ស្ដេច​សូល​រួច​ហើយ នោះ​ចិត្ត​យ៉ូណា‌ថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​របស់​ដាវីឌ ហើយ​យ៉ូណា‌ថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ។ នៅ​ថ្ងៃ​នោះ ស្ដេច​សូល​ក៏​ទទួល​ដាវីឌ មិន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ឪពុក​វិញ​ទៀត​ទេ។ ខណៈ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក។ លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​ផង។ គ្រា​នោះ ដាវីឌ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​ស្ដេច​សូល​ប្រើ ហើយ​តែង​តែ​ទទួល​បាន​ជោគ‌ជ័យ រួច​ស្ដេច​សូល​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​ប្រជាជន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សូល​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។ កាល​គេ​ត្រឡប់​មកវិញ គឺ​ពេល​ដែល​ដាវីឌ​មក​ពី​សម្លាប់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​វិញ​ហើយ ស្រ្តី​ៗក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង លោត​កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ដោយ​ឧបករណ៍​តន្ត្រី​ផ្សេងៗ។ កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖ «សូល​បាន​សម្លាប់​ទាំង​ពាន់ ដាវីឌ​ទាំង​ម៉ឺន»។ ដូច្នេះ ស្ដេច​សូល​មាន​សេចក្ដី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «គេ​បាន​រាប់​ជា‌មួយ​ម៉ឺន​ដល់​ដាវីឌ តែ​យើង​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ»។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ស្ដេច​សូល​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។ ដល់​ថ្ងៃ​បន្ទាប់ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​ស្ដេច​សូល បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្ដាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​លេង​ភ្លេង​ដូច​សព្វ​ដង ខណៈ​នោះ ស្ដេច​សូល​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា «យើង​នឹង​ចាក់​ទម្លុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង» តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​ពីរ​ដង។ ដូច្នេះ ស្ដេច​សូល​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ ហេតុ​ដូច្នោះ ស្ដេច​សូល​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល។ លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ផង។ ពេល​ស្ដេច​សូល​ឃើញ​ថា ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ ទ្រង់​កោត​ខ្លាច​ដល់​លោក តែ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។