១ សាំ‌យូ‌អែល 15:1-23

១ សាំ‌យូ‌អែល 15:1-23 គកស១៦

គ្រា​នោះ លោកសាំយូ‌អែល​ទូល​ទៅ​ស្ដេច​សូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ចាត់​ទូល‌បង្គំ​ឲ្យ​មក​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដូច្នេះ សូម​ទ្រង់​ស្តាប់​តាម​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹក​ចាំ​ពី​ការ​ដែល​ពួក​អាម៉ាឡេក​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។ ដូច្នេះ ស្ដេច​សូល​ក៏​កេណ្ឌ​ប្រមូល​ប្រជាជន ហើយ​រាប់​គេ​នៅ​ត្រង់​ថេ‌លែម ឃើញ​មាន​ពល​ថ្មើរ​ជើង​ចំនួន​ពីរ​សែន​នាក់ និង​ពួក​យូដា​មួយ​ម៉ឺន​នាក់​ទៀត។ រួច​សូល​ក៏​នាំ​ទៅ​ទី​ក្រុង​របស់​ពួក​អាម៉ាឡេក ហើយ​បង្កប់​ពល​នៅ​វាល​ច្រក​ភ្នំ។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​សាសន៍​កែន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​កណ្ដាល​ពួក​អាម៉ាឡេក​ទៅ ក្រែង​ត្រូវ​ស្លាប់​ជា‌មួយ​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​សម្ដែង​សេចក្ដី​សប្បុ‌រស ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ដូច្នេះ ពួក​សាសន៍​កែន​ក៏​ថយ​ចេញ​ពី​កណ្ដាល​ពួក​អាម៉ាឡេក​ទៅ។ រួច​សូល​បាន​វាយ​ពួក​អាម៉ាឡេក​នោះ ចាប់​តាំង​ពី​ហា‌វីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ ក៏​ចាប់​បាន​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក មក​ទាំង​រស់ តែ​ប្រហារ​ប្រជាជន​ដោយ​មុខ​ដាវ។ ស្ដេច​សូល​បាន​ទុក​ឲ្យ​អ័‌កាក់ និង​ពួក​ទ័ព​នៅ​រស់ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ និង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម និង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​តម្លៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចោល​ទាំង​អស់។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «យើង​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​យើង​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​យើង​សោះ» នោះ​លោកសាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​មួយ​យប់។ លោកសាំយូ‌អែល​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​ទៅ​ជួប​នឹង​ស្ដេច​សូល​នៅ​ព្រឹក​នោះ មាន​គេ​ជម្រាប​លោកសាំយូ‌អែល​ថា៖ «ស្ដេច​សូល​បាន​យាង​មក​ដល់​កើ‌មែល​ហើយ ទ្រង់​បាន​បោះ​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​គីល‌កាល​វិញ»។ ដូច្នេះ លោកសាំយូ‌អែល​ក៏​ទៅ​រក​ស្ដេច​សូល ហើយ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សម្រេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ»។ តែ​លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម និង​គោ​រោទ៍​នៅ​ត្រចៀក​ទូល‌បង្គំ​ដូច្នេះ?» ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «គេ​បាន​នាំ​សត្វ​ទាំង​នោះ​ពី​សាសន៍​អាម៉ាឡេក​មក ដ្បិត​ពួក​ទ័ព​បាន​ទុក​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ក្រៅ​អំពី​នោះ​យើង​បាន​បំផ្លាញ​អស់​រលីង​ហើយ»។ នោះ​លោកសាំយូ‌អែល​ទូល​ថា៖ «ឈប់​សិន ទូល‌បង្គំ​នឹង​ទូល​ព្រះករុណា​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ពី​យប់​មិញ​នេះ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាន​ប្រ‌សាសន៍​មក​ចុះ»។ លោកសាំយូ‌អែល​ក៏​ទូល​ថា៖ «ក្នុង​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះ‌នេត្រ​របស់​អង្គ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើកុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទេ​ឬ? គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង‌តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា "ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ាឡេក​មាន​បាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​រហូត​ដល់​វិនាស​បាត់​ទាំង​អស់"។ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?» តែ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​លោកសាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល៍ ខ្ញុំ​បាន​នាំ​ទាំង​អ័‌កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ាឡេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ាឡេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ។ ប៉ុន្តែ ពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម និង​គោ​ដែល​ជា​របស់​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​នៅ​ត្រង់​គីល‌កាល»។ លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត និង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ឬ? ការពិត ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់ នៃ​ចៀម​ឈ្មោល​ទៅ​ទៀត។ ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។