១ ពេត្រុស 4
4
អ្នកមើលខុសត្រូវល្អអំពីព្រះគុណរបស់ព្រះ
1ដូច្នេះ ដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាម នោះត្រូវឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូច្នោះដែរ ដ្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះបានឈប់ពីអំពើបាបហើយ 2ដើម្បីកុំឲ្យបង់ពេលដែលនៅសល់ ហើយរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀត គឺតាមព្រះហឫទ័យរបស់ព្រះវិញ។ 3ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។ 4ពួកគេងឿងឆ្ងល់ ដែលអ្នករាល់គ្នាមិនចូលរួមនៅក្នុងអំពើខូចអាក្រក់ដ៏ហូរហៀរជាមួយពួកគេ ហើយគេក៏ប្រមាថអ្នករាល់គ្នា។ 5ប៉ុន្តែ គេនឹងត្រូវឆ្លើយរៀបរាប់ចំពោះព្រះវិញ ដែលព្រះអង្គប្រុងប្រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់។ 6ហេតុនេះហើយបានជាដំណឹងល្អ បានផ្សាយដល់អស់អ្នកដែលស្លាប់ដែរ ដែលទោះជាបានជាប់ជំនុំជម្រះខាងសាច់ឈាម តាមបែបមនុស្សក៏ដោយ ក៏គេបានរស់ខាងវិញ្ញាណដូចព្រះវិញ។
7ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។ 8លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។ 9ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដោយឥតត្អូញត្អែរឡើយ។ 10ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ 11អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ទុក្ខលំបាករបស់គ្រីស្ទបរិស័ទ
12ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ 13ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។ 14ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។ 15ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់រងទុក្ខ ដោយព្រោះសម្លាប់គេ លួចគេ ធ្វើការអាក្រក់ ឬចូលដៃក្នុងរឿងរបស់អ្នកដទៃឡើយ។ 16ប៉ុន្ដែ បើអ្នកណាម្នាក់រងទុក្ខក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនត្រូវខ្មាសឡើយ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ។ 17ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា? 18ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?» 19ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
ទើបបានជ្រើសរើសហើយ៖
១ ពេត្រុស 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies