១ ពេត្រុស 1:2-8

១ ពេត្រុស 1:2-8 គកស១៦

ជា​អ្នក​ដែល​ព្រះ ជា​ព្រះ‌វរបិតា​បាន​ជ្រើស​រើស និង​បាន​បម្រុង​ទុក ហើយ​ព្រះ‌វិញ្ញាណ​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់​ព្រះ‌យេស៊ូវ​គ្រីស្ទ ព្រម​ទាំង​បាន​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ប្រោះ​លើ​ខ្លួន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។ សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។ អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ដោយ​សារ​សេចក្តី​នេះ អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​ខ្លាំង ទោះ​បើ​សព្វ​ថៃ្ង​នេះ​ត្រូវ​រង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​យូរ​បន្តិច​ក៏​ដោយ ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។ ទោះ​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អង្គ ហើយ​សូម្បី​តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ព្រះ‌អង្គ ក៏​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌អង្គ ហើយ​ត្រេក​អរ​ដោយ​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន

អាន ១ ពេត្រុស 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 1:2-8