១ ពេត្រុស 1:18-25

១ ពេត្រុស 1:18-25 គកស១៦

អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា ព្រះ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​ជា​ដំណែល​ពី​ដូន​តា​របស់​អ្នក​រាល់​គ្នា មិន​មែន​ដោយ​របស់​ពុក​រលួយ ដូច​ជា​ប្រាក់ ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។ ព្រះ​បាន​តម្រូវ​ព្រះ‌អង្គ​ទុក​តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក តែ​បាន​លេច​មក​នៅ​គ្រា​ចុង​ក្រោយ​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា។ តាម​រយៈ​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​ទ្រង់​មាន​សិរីល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ។ ដោយ​អ្នក​រាល់​គ្នា​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​ស្តាប់​តាម​សេចក្តី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ជា​បង‌ប្អូន នោះ​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។ ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ។ ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌និច្ច​វិញ ព្រះ‌បន្ទូល​នោះ​គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា។

អាន ១ ពេត្រុស 1