១ ពង្សាវ‌តារ‌ក្សត្រ 3

3
ព្រះបាទ​សាឡូម៉ូន​អធិស្ឋាន​ទូល​សូម​ប្រាជ្ញា
1ព្រះបាទ​សាឡូម៉ូន​បាន​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ចប់​សព្វ​គ្រប់។ 2នៅ​គ្រា​នោះ ប្រជាជន​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​តែ​លើ​ទី​ខ្ពស់ៗ ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។
3ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទ្រង់ ប៉ុន្តែ ការ​ដែល​ថ្វាយ​យញ្ញ‌បូជា និង​ការ​ដុត​កំញាន​នោះ គឺ​ធ្វើ​នៅ​លើ​ទី​ខ្ពស់ៗ​ប៉ុណ្ណោះ។ 4ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រោះ​ទី​ខ្ពស់​នោះ​ជា​ទី​កន្លែង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ។ 5នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​យើង​ប្រទាន​ដល់​អ្នក​ចុះ!»។ 6ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​បាន​សម្ដែង​សេចក្ដី​សប្បុរស​យ៉ាង​ធំ​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូល‌បង្គំ តាម​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​បម្រុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ​ឲ្យ​ទ្រង់​ទៀត គឺ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​កូន សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។ 7ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ។ 8ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ជា​សាសន៍​មួយ​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន។ 9ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។
10ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​សេចក្ដី​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​សូម​នោះ។ 11ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្ដី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សម្រាប់​នឹង​យល់​សេចក្ដី​យុត្តិ‌ធម៌​វិញ 12ដូច្នេះ យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដែល​គ្មាន​អ្នក​ណា​ដូច​អ្នក​ឡើយ តាំង​ពី​មុន ឬ​ទៅ​អនាគត ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​អ្នក​ដែរ។ 13យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។ 14ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​យើង កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ បិតា​របស់​អ្នក​បាន​ប្រព្រឹត្ត នោះ​យើង​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត»។
15បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​ជ្រាប​ថា នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្ដា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។
ប្រាជ្ញា​របស់​ព្រះបាទ​សាឡូម៉ូន​ក្នុង​ការ​ជំនុំ‌ជម្រះ​ក្ដី
16ក្រោយ​មក មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​បាន​មក​ឈរ​នៅ​ចំពោះ​ស្តេច 17ស្ត្រី​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជាអម្ចាស់​អើយ ខ្ញុំ​ម្ចាស់ និង​ស្ត្រី​ន្នាក់​នេះ​នៅ​ផ្ទះ​ជា‌មួយ​គ្នា ខ្ញុំ​បាន​សម្រាល​កូន​មួយ នៅ​ពេល​ដែល​នាង​នៅ​ក្នុង​ផ្ទះ​នោះ។ 18កាល​ខ្ញុំ​ម្ចាស់​សម្រាល​កូន​មក​បាន​បី​ថ្ងៃ នោះ​ស្ត្រី​នេះ​ក៏​សម្រាល​មក​ដែរ យើង​ខ្ញុំ​ទាំង​ពីរ​នៅ​ជា‌មួយ​គ្នា ឥត​មាន​អ្នក​ដទៃ​ណា​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ មាន​តែ​យើង​ខ្ញុំ​ពីរ​នាក់​ប៉ុណ្ណោះ។ 19ជួន​ជា​នៅ​វេលា​យប់​មួយ កូន​របស់​នាង​នេះ​បាន​ស្លាប់​ទៅ ដោយ​ម្តាយ​បាន​ដេក​សង្កិន​លើ។ 20នាង​បាន​ក្រោក​ឡើង​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ខណៈ​ដែល​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់​កំពុង​តែ​ដេក​លក់ នាង​បាន​យក​កូន​របស់​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ។ 21លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​ចង់​បំបៅ​កូន ខ្ញុំ​ឃើញ​ថា​កូន​បាន​ស្លាប់​ហើយ ប៉ុន្តែ ដល់​ភ្លឺ​ឡើង ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ក៏​ឃើញ​ថា​មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។ 22ស្ត្រី​ម្នាក់​ទៀត​ក៏​បាន​ឆ្លើយ​កាត់​ថា៖ «ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​នៅ​រស់​នេះ​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង» ប៉ុន្តែ ស្ត្រី​ទី​មួយ​ប្រកែក​ថា៖ «មិន​មែន​ទេ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​នៅ​រស់​នេះ​ជា​កូន​របស់​ខ្ញុំ​ទេ» ដូច្នេះ ពួក​គេ​បាន​ប្រកែក​គ្នា​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ស្តេច។
23បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ម្នាក់​ថា "កូន​រស់​នេះ​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ស្លាប់​ជា​កូន​របស់​ឯង" ហើយ​ម្នាក់​ទៀត​ថា "មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ស្លាប់​ជា​របស់​ឯង ហើយ​កូន​រស់​ជា​របស់​ខ្ញុំ"»។ 24ស្តេច​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មួយ​មក​ឲ្យ​យើង» នោះ​គេ​ក៏​យក​ដាវ​មួយ​មក​នៅ​ចំពោះ​ស្តេច។ 25ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កាប់​កូន​ដែល​នៅ​រស់​នោះ​ជា​ពីរ​ភាគ​ទៅ ចែក​មួយ​ចំហៀង​ឲ្យ​ដល់​ស្ត្រី​នេះ ហើយ​មួយ​ចំហៀង​ទៀត​ដល់​ស្ត្រី​នោះ​ចុះ»។ 26ប៉ុន្តែ ស្ត្រី​ដែល​ជា​ម្តាយ​របស់​កូន​ដែល​រស់​ក៏​ទូល​ដល់​ស្តេច ដោយ​មាន​ចិត្ត​អាណិត​អាល័យ​ដល់​កូន​ខ្លួន​ថា៖ «ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ប្រទាន​កូន​រស់​ទៅ​គេ​ចុះ សូម​កុំ​សម្លាប់​ឡើយ» តែ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «កូន​នេះ​មិន​ត្រូវ​បាន​ជា​របស់​ឯង ឬ​របស់​ខ្ញុំ​ឡើយ ត្រូវ​ពុះ​ជា​ពីរ​ទៅ»។ 27ពេល​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ឆ្លើយ​ឡើង​ថា៖ «ចូរ​ឲ្យ​កូន​រស់​នោះ​ទៅ​នាង​ទី​មួយ​ចុះ កុំ​សម្លាប់​វា​អី ដ្បិត​នាង​នោះ​ហើយ​ជា​ម្តាយ​ពិត​ប្រាកដ»។ 28ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បាន​ឮ​ពី​ការ​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត​ខ្លាច​ដល់​ទ្រង់ ព្រោះ​គេ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សម្រាប់​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវ‌តារ‌ក្សត្រ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល