១ ពង្សាវ‌តារ‌ក្សត្រ 19:1-8

១ ពង្សាវ‌តារ‌ក្សត្រ 19:1-8 គកស១៦

ព្រះបាទ​អ័ហាប់​ប្រាប់​ដល់​យេសិ‌បិល ពី​គ្រប់​ទាំង​ការ​ដែល​លោក​អេលីយ៉ា​បាន​ធ្វើ ហើយ​ពី​ការ​ដែល​លោក​បាន​សម្លាប់​ហោរា​ទាំង​ប៉ុន្មាន​ដោយ​ដាវ ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។ កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ លោក​ក៏​ក្រោក​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ទៅ​ដល់​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ។ ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​សិន»។ លោក​ឃើញ​មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង នៅ​លើ​ក្បាល​ដំណេក ហើយ​មាន​ទឹក​មួយ​ក្អម​ផង លោក​ក៏​បរិ‌ភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កម្លាំង​ឯង​ណាស់»។ លោក​ក៏​ក្រោក​ឡើង បរិ‌ភោគ​ទៅ ហើយ​ដោយ‌សារ​កម្លាំង​ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​សែសិប​ថ្ងៃ​សែសិប​យប់ បាន​ទៅ​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។