១ ពង្សាវតារក្សត្រ 14
14
ការជំនុំជម្រះវង្សានុវង្សស្តេចយេរ៉ូបោម
1នៅគ្រានោះ អ័ប៊ីយ៉ា ជាបុត្រយេរ៉ូបោមចាប់ប្រឈួន 2ហើយយេរ៉ូបោមមានរាជឱង្ការទៅមហេសីថា៖ «ចូរក្រោកឡើង ក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់នាងថាជាមហេសីរបស់យើងឡើយ រួចហើយទៅក្រុងស៊ីឡូរទៅ នៅទីនោះ មានហោរាអ័ហ៊ីយ៉ា ដែលបានថ្លែងទំនាយ ពីដំណើរដែលយើងនឹងសោយរាជ្យលើប្រជាជននេះ 3ចូរយកនំបុ័ងដប់ដុំ និងនំផ្អែមខ្លះ ហើយទឹកឃ្មុំមួយដប ទៅរកលោក លោកនឹងប្រាប់ឯងឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា»។
4មហេសីរបស់យេរ៉ូបោមក៏ធ្វើដូច្នោះ ព្រះនាងក្រោកឡើងទៅផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ព្រោះលោកចាស់ណាស់ហើយ ភ្នែកក៏ងងឹត។ 5ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលដល់អ័ហ៊ីយ៉ាថា៖ «មើល៍! មហេសីរបស់យេរ៉ូបោមមកសួរអ្នក ពីដំណើរកូនដែលឈឺ អ្នកត្រូវប្រាប់នាង»។
ពេលព្រះនាងចូលមក ព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងទៀត។ 6ដូច្នេះ កាលអ័ហ៊ីយ៉ាបានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា៖ «មហេសីរបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ។ ព្រះនាងធ្វើខ្លួនជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង។ 7សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ដោយព្រោះយើងបានលើកអ្នកពីកណ្ដាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង 8ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យអ្នកវិញ តែអ្នកមិនបានដូចដាវីឌ ជាអ្នកបម្រើរបស់យើង ដែលបានកាន់តាមបញ្ញត្តិរបស់យើង ហើយដើរតាមដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្ដីដែលទៀងត្រង់នៅភ្នែកយើងទេ 9គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។ 10ហេតុនោះហើយបានជាយើងនឹងនាំសេចក្ដីអាក្រក់ មកលើពូជពង្សយេរ៉ូបោម និងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណងក្នុងពួកអ៊ីស្រាអែលក្តី យើងនឹងបោសពួកវង្សរបស់យេរ៉ូបោម ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង។ 11អ្នកណាក្នុងវង្សយេរ៉ូបោមដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ"។ 12ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់វិញទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុង នោះបុត្រនឹងសុគត 13ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោមមានតែបុត្រនេះមួយប៉ុណ្ណោះ ដែលបានបញ្ចុះក្នុងផ្នូរ ព្រោះក្នុងវង្សាយេរ៉ូបោម មានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល 14មួយទៀត ព្រះយេហូវ៉ានឹងតាំងឲ្យមានស្តេចមួយទៀត ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ។ 15ដ្បិតព្រះយេហូវ៉ានឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុសដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែលចេញពីដីល្អនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ ក៏នឹងកម្ចាត់កម្ចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើបង្គោលសក្ការៈ សម្រាប់ខ្លួន ដែលបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ 16ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
17ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ 18រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបម្រើរបស់ព្រះអង្គ។
ព្រះបាទយេរ៉ូបោមសោយទិវង្គត
19រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។ 20យេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ ហើយណាដាបបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
រេហូបោមសោយរាជ្យនៅស្រុកយូដា
21ឯរេហូបោម ជាបុត្រារបស់ព្រះបាទសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំហើយ ក៏សោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើសចេញពីកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សម្រាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងណាអាម៉ា ជាសាសន៍អាំម៉ូន។ 22ពួកយូដាក៏ប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្ដាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាបដែលគេប្រព្រឹត្ត លើសជាងបុព្វបុរសរបស់គេទៅទៀត។ 23ដ្បិតគេបានធ្វើទីខ្ពស់ ស្ដូប និងបង្គោលសក្ការៈ សម្រាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ 24ក៏តាំងឲ្យមានរួមសង្វាស់ភេទដូចគ្នានៅក្នុងស្រុកដែរ គេប្រព្រឹត្តតាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។
25លុះឆ្នាំទីប្រាំ ក្នុងរាជ្យស្តេចរេហូបោម ស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម 26ក៏យកអស់ទាំងទ្រព្យសម្បត្តិក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើផងដែរ 27ហើយស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច។ 28ដូច្នេះ កាលស្ដេចយាងចូលទៅក្នុងព្រះវិហារព្រះយេហូវ៉ាវេលាណា នោះពួករក្សាអង្គក៏កាន់ខែលទាំងនោះ រួចយកទៅទុកក្នុងបន្ទប់របស់ពួករក្សាអង្គវិញ។
29រីឯកិច្ចការឯទៀតពីរេហូបោម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 30ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច 31រេហូបោមក៏ផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ។ មាតាទ្រង់នាមថាណាអាម៉ា សាសន៍អាំម៉ូន។ អ័ប៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies