កាលមហាក្សត្រិយ៍ស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូនខាងព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ។ ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប មាសជាច្រើន និងត្បូងមានតម្លៃផង។ ពេលព្រះនាងបានចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។ ព្រះបាទសាឡូម៉ូនបានឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ។ កាលមហាក្សត្រិយ៍ស្រុកសេបាបានឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងតង្វាយដុតដែលស្ដេចថ្វាយក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។ ហើយមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្ដាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត មានពរហើយ មនុស្សរបស់ព្រះករុណា! មានពរហើយពួកអ្នកបម្រើ ដែលឈរនៅចំពោះព្រះករុណាជានិច្ច ទាំងស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញារបស់ព្រះករុណា! សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។ បន្ទាប់មក ព្រះនាងបានថ្វាយមាសមួយរយម្ភៃហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច។ ក្រោយនោះមក មិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះ បានចូលមកឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រិយ៍ស្រុកសេបាបានថ្វាយដល់ព្រះបាទសាឡូម៉ូននោះទៀតឡើយ។ ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ ស្ដេចយកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។ ព្រះបាទសាឡូម៉ូនបានប្រទានដល់មហាក្សត្រិយ៍ស្រុកសេបា តាមបំណងព្រះហឫទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
អាន ១ ពង្សាវតារក្សត្រ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 10:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ