១ យ៉ូហាន 2

2
ព្រះ‌គ្រីស្ទ​ជា​ទី​ពឹង​របស់​យើង
1កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប នោះ​យើង​មាន​ព្រះ​ដ៏​ជួយ​ការ​ពារ​មួយ​អង្គ ដែល​គង់​នៅ​ជាមួយ​ព្រះ‌វរ‌បិតា គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត។ 2ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។
3យើង​ដឹង​ថា យើង​ស្គាល់​ព្រះ‌អង្គ​ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ 4អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ 5តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ 6គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។
បទ‌បញ្ជា​មួយ​ថ្មី
7ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​មក​អ្នក​រាល់​គ្នា​ទេ គឺ​ជា​បទ‌បញ្ជា​ចាស់​ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បទ‌បញ្ជា​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ។ 8ព្រម​ជាមួយ​គ្នា​នេះ បទ‌បញ្ជា​មួយ​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ‌អង្គ និង​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រោះ​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង​ហើយ។ 9អ្នក​ណា​ដែល​ពោល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹតនៅ​ឡើយ។ 10អ្នក​ណា​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​រស់​នៅ​ក្នុង​ពន្លឺ ហើយ​នៅ​ក្នុង​អ្នក​នោះ គ្មាន​ហេតុ​នឹង​ជំពប់​ដួល​ឡើយ។ 11ប៉ុន្ដែ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត ក៏​មិន​ដឹង​ជា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។
12កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​ព្រះ‌អង្គ​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ 13ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។ 14ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌វរ‌បិតា។ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​មាន​កម្លាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។ 15កុំ​ស្រឡាញ់​លោកីយ៍ ឬ​អ្វី​ៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ 16ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។ 17លោកីយ៍​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​តែ​រសាត់​បាត់​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច។
ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ
18ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់! ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​កំពុង​តែ​មក ហើយ​ឥឡូវ​នេះ ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទជា​ច្រើន​បាន​មកហើយ។ ដូច្នេះ យើង​ដឹង​ថា នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់ហើយ។ 19គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។ 20ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​ទទួល​ប្រេង​តាំង ពី​ព្រះ​ដ៏​បរិសុទ្ធ ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ 21ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ដោយ​ព្រោះអ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ ហើយ​ក៏​ដឹង​ថា គ្មានពាក្យ​ភូត​ភរ​ណា​កើត​មក​ពី​សេចក្ដី​ពិត​ឡើយ។ 22តើ​អ្នក​ណា​ជា​អ្នក​កុហក? គឺ​មាន​តែ​អ្នក​ដែល​បដិសេធ​ថា ព្រះ‌យេ‌ស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។ 23អ្នក​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​គ្មាន​ព្រះ‌វរ‌បិតា​ទេ ឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ក៏​មាន​ព្រះ‌វរ‌បិតា​ដែរ។ 24ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន‌បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​មក ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នាក៏​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា និង​ក្នុង​ព្រះ‌វរ‌បិតា​ដែរ។ 25នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។
26ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​អស់​អ្នក​ដែល​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ 27រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។
28ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។
ពួក​កូន​របស់​ព្រះ
29ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌អង្គ​សុចរិត នោះ​អ្នក​អាច​នឹង​ប្រាកដ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នោះ​សុទ្ធ​តែ​បាន​កើតមក​ពី​ព្រះ‌អង្គ​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

១ យ៉ូហាន 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល