១ កូរិន‌ថូស ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រុង​កូរិន‌ថូស៖ នៅ​ជំនាន់​លោក​ប៉ុល កូរិន‌ថូស​ជា​ក្រុង​មួយ​ដ៏​ធំ មាន​ប្រជា‌ជន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់។ ក្រុង​នេះ មាន​កំពង់​ផែ​ពីរ មួយ​នៅ​កេង‌គ្រា មួយ​ទៀត​នៅ​លេ‌សេ។ មាន​សំ​ពៅ​ជា​ច្រើន​ដឹក​ទំនិញ​ចេញ​ចូល​មិន​ដាច់។ ប្រជា‌ជន​ជាង​ពាក់​កណ្ដាល​ជា​អ្នក​ងារ។ នៅ​ក្រុង​កូរិន‌ថូស មាន​មនុស្ស​គ្រប់​ជាតិ​សាសន៍​រស់​លា​យ​ឡំ​គ្នា បណ្ដាល​ឲ្យក្រុង​នេះ​មាន​ឈ្មោះ​អាក្រក់ ហើយ​អ្នក​ក្រុង​ជា​ច្រើន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល​ធម៌​គ្រប់​ប្រភេទ អ្នក​ក្រុង​នោះ​ក៏​កាន់​សាសនា​ប្លែកៗ​ពី​គ្នា តាម​ប្រពៃណី​រៀងៗ​ខ្លួន​ដែរ។ ជន​ជាតិ​ក្រិក​ដែល​មាន​អារ្យ​ធម៌​ខ្ពស់ ចូល​ចិត្ដ​ស្ដាប់​អ្នក​ប្រាជ្ញ និង​ទស្សន‌វិទូ ដែល​មាន​សំ​នួន​វោ​ហារ ដ្បិត​ពួកគេ​យល់​ថា​គេ​អាច​ស្គាល់​ព្រះ និង​សង្គ្រោះ​ខ្លួន​ឯង​បាន​តាម​ការ​រិះ‌គិត​នៃ​ប្រាជ្ញា​របស់​គេ។
លោក​ប៉ុល​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្រុង​កូរិន‌ថូស អស់​រយៈ​ពេល​មួយ​ឆ្នំា​ក​ន្លះ គឺ​នៅ​គ.ស. ៥០-៥២ (កិច្ច‌ការ ១៨.១-៨)។ គ្រីស្ទ‌បរិស័ទ​ភាគ​ច្រើន​នៅ​ក្រុង​នោះ​សុទ្ធ​សឹង​ជា​អ្នក​ក្រ និង​ជា​អ្នក​ងារ (១ ករ. ១.២៦-២៨)។
លោក​ប៉ុល​ចាក​ចេញ​ពី​ក្រុង​កូរិន‌ថូស​ឆ្ពោះ​ទៅ​ក្រុង​អេភេ‌សូរ។ ពេល​នោះ មាន​គ្រីស្ទ‌បរិស័ទ​ជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ូ‌ឡូស ជា​អ្នក​មាន​សំនួន​វោហារ ក៏​បាន​ទៅ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្រុង​អេភេ‌សូរ និង​ក្រុង​កូរិន‌ថូស​ដែរ (កិច្ច‌ការ ១៨.២៤-២៨)។ គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក​ផ្សេងៗ ខ្លះ​កាន់​តាម​លោក​អ័ប៉ូ‌ឡូស ខ្លះ​កាន់​តាម​លោក​ប៉ុល ខ្លះ​ទៀត​កាន់​តាម​លោក​ពេ​ត្រុ​ស (១ កូរិន‌ថូស ១.១២)។ មាន​អ្នក​ផ្ទះ​នាង​ខ្លូអេ ទៅ​ជម្រាប​លោក​ប៉ុល អំពី​ការ​បាក់​បែក​គ្នា​នេះ។ លោក​ប៉ុល​ក៏​ចាត់​ធីម៉ូថេ​ដែល​ជា​សហ‌ការី​មួយ​រូប​របស់​លោក ឲ្យ​ទៅ​ក្រុង​កូរិន‌ថូស ដើម្បី​ប្រៀន​ប្រ​ដៅ​គ្រីស្ទ‌បរិស័ទ​នៅ​ទី​នោះ(១ កូរិន‌ថូស ៤.១៧)។ ពួក​គេ​បាន​សរ‌សេរ​សំណួរ​ផ្សេងៗ​ផ្ញើ​ទៅ​លោក​ប៉ុល តាម​រយៈ​ធី​ម៉ូ‌ថេ (១ កូរិន‌ថូស ៧.១)។ នៅ​ឆ្នំា៥៥-៥៦ លោក​ប៉ុល​ក៏​សរ‌សេរ​សំបុត្រ​មួយ​ច្បាប់​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នោះ​វិញ គឺ «សំបុត្រ​ទី​មួយ​ផ្ញើ​ជូន​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស»។
ប៉ុន្ដែ គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស​នៅ​តែ​នាំ​គ្នា​ប្រព្រឹត្ដ​មិន​សម‌រម្យ ដូច្នេះ លោក​ប៉ុល​ក៏​សរ‌សេរ​សំបុត្រ​មួយ​ច្បាប់​ទៀត​ទៅ​បន្ទោស​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំ​ង (ប្រហែល​ជា​ជំពូក ១០-១៣ នៃ​សំបុត្រ​ទី២)។ បន្ទាប់​មក លោក​ប៉ុល​បាន​ចាត់​លោក​ទីតុស ជា​សហ‌ការី​របស់​លោក​ឲ្យ​ទៅ​ចាត់​ចែង​ប្រមូល​ប្រាក់​ជំនួយ​នៅ​ក្រុង​កូរិន‌ថូស រី​ឯ​លោក​វិញ លោក​ទៅ​ក្រុង​ត្រូអាស។ នៅ​គ.ស. ៥៦ ឬ ៥៧ កាល​លោក​ប៉ុល​ស្នាក់​នៅ​ក្រុង​ត្រូអាស ទីតុស​ត្រឡប់​ពី​ក្រុង​កូរិន‌ថូស ទាំង​នាំ​ដំណឹង​ផ្សេងៗ​ពី​គ្រីស្ទ‌បរិស័ទ​នៅ​ទី​នោះ​មក​ជម្រាប​លោក។ លោក​សប្បាយ​ចិត្ដ​ក៏​សរ‌សេរ​សំបុត្រ​មួយ​ច្បាប់​ទៀត​ផ្ញើ​ទៅ​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស (ជំពូក ១-៩ នៃ​សំបុត្រ​ទី២)។
គោល​សំខាន់ៗ
ក្នុង​សំបុត្រ​ទីមួយ លោក​ប៉ុល​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិន‌ថូស គឺ​លោក​បាន​អប់រំ​គ្រីស្ទ‌បរិស័ទ​ឲ្យ​រស់​នៅ​ដោយ​ថ្លៃ‌ថ្នូរ តាម​ឋា​នៈ​របស់​ខ្លួន​ជា​កូន​របស់​ព្រះ។
១.អំពី​ការ​ប្រកាន់​បក្ស​ពួក​ក្នុង​ក្រុម​ជំ​នុំ (១.១០-៤.២១)
បញ្ហា​នេះ​កើត​មក​ពី​ជនជាតិ​ក្រិក​ចូល​ចិត្ដ​យក​ប្រាជ្ញា​មនុស្ស​លោក​មក​រិះ‌គិ​ត​អំពី​ព្រះ‌គ្រីស្ទ តាម​អារ្យ​ធម៌​របស់​ពួកគេ។ លោក​ប៉ុល​ពន្យល់​អំពី​ទំនាក់​ទំនង​រវាង​ជំនឿ​នឹង​ប្រាជ្ញា​មនុស្ស​លោក។ ជំនឿ​របស់​គ្រីស្ទ‌បរិស័ទ​មិន​សំអាង​លើការ​រិះ‌គិត​របស់​មនុស្ស​ទេ ហើយក៏​មិន​មែន​ជា​ទ្រឹស្ដី​ដ៏​ល្អ​ប្រសើរ​ដែរ។ ជំនឿ​នេះ​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ចិត្ដ​គំនិត​របស់​មនុស្ស ហើយ​នាំ​ឲ្យ​មនុស្ស​ចូល​រួម​ជាមួយ​ព្រះ‌គ្រីស្ទ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។
២.បញ្ហា​គ្រីស្ទ‌បរិស័ទ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល‌ធម៌ (៦.១៨-២០)
គ្រីស្ទ‌បរិស័ទ​ប្ដឹង​ផ្ដល់​គ្នា(៦.១-១១) ការ​ទូន្មាន​របៀប​រស់​នៅ​ជា​គូ​ស្រករ ឬ​នៅ​លីវ (៧) បញ្ហា​ទាំង​នេះ​កើត​មក​ពី​អារ្យ​ធម៌​របស់​អ្នក​ក្រុង​កូរិន‌ថូស មាន​អ្នក​ខ្លះ​លើក​តម្កើង​ប្រាជ្ញា​របស់​មនុស្ស​លោក​ខ្លាំង​ពេក ហើយ​មើល​ងាយ​រូប‌កាយ​មនុស្ស បណ្ដាល​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ថោក​ទាប​តាម​កាម‌គុណ។ មាន​អ្នក​ខ្លះ​មើល​ងាយ​រូប‌កាយ​តាម​របៀប​ផ្សេង គឺ​ពួកគេ​កាន់​សីល‌ធម៌​តឹង​តែង​ពេក មិន​ព្រម​ឲ្យ​បុរស​ស្ដ្រី​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ។ លោក​ប៉ុល​ប្រៀន​ប្រដៅ​អំពី​កិត្ដិយស​របស់​រូប‌កាយ​ដែល​ជា​ព្រះ‌វិ​ហារ​សម្រាប់​ព្រះ‌វិញ្ញាណ​គង់​នៅ។
៣.បញ្ហា​បរិ‌ភោគ​សាច់​ដែល​គេ​សែន​រួច​ហើយ (៨.១-១១.១)
បញ្ហា​នេះ​កើត​មក​ពី​គ្រីស្ទ‌បរិស័ទ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​កាន់​សាសនា​ដទៃ។ នៅ​ជំនាន់​នោះ អ្នក​កាន់​សាសនា​ដទៃ​តែង​យក​សាច់​ទៅ​សែន​រូប​សំណាក​ព្រះ​របស់​គេ។ តើ​គ្រីស្ទ‌បរិស័ទ​មាន​សិទ្ធិ​បរិ‌ភោគ​សាច់​ដែល​គេ​សែន​ហើយ​នោះ​ឬ​ទេ?។ ត្រង់​ចំណុច​នេះ លោក​ប៉ុល​ប្រៀន​ប្រដៅ​គ្រីស្ទ‌បរិស័ទ​ឲ្យ​គោរព​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌សង្គ្រោះ​តែ​មួយ​គត់ និង​ជា​ព្រះ‌អម្ចាស់​លើ​អ្វីៗ​ទាំង‌អស់ ហើយ​លោក​ក៏​បាន​ដាស់​តឿន​គេ ឲ្យ​គោរព​សេរីភាព​របស់​គ្រីស្ទ‌បរិស័ទ​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ។
៤.របៀប​រៀប​រយ​ក្នុង​ក្រុម​ជំ​នុំ (១១.២-១៤.៤០)
លោក​ប៉ុល​បាន​បរិយាយ​អំពី​សណ្ដាប់‌ធ្នាប់​ដែល​គ្រីស្ទ‌បរិស័ទ​ត្រូវ​ប្រកាន់​យក ក្នុង​ពេល​ប្រជុំ​រួម​គ្នា​ថ្វាយ‌បង្គំ​ព្រះ ក្នុង​របៀប​ប្រើ​ព្រះ‌អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ។ គ្រីស្ទ‌បរិស័ទ​ត្រូវ​ប្រព្រឹត្ដ​គ្រប់​កិច្ច‌ការ​ទាំង‌អស់​ដោយ​ចិត្ដ​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​រួម ក្នុង​ការ​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ទ។
៥.អំពី​មនុស្ស​រស់​ឡើង​វិញ (១៥.១-៥៦)
តាម​អារ្យ​ធម៌​ក្រិក គេ​យក​វិញ្ញាណ​ជា​ធំ គេ​មិន​ជឿ​ថា​រូប‌កាយ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន​ទេ។ លោក​ប៉ុល​ពន្យល់​ថា ប្រសិន‌បើ​រូប‌កាយ​មនុស្ស​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រីស្ទ​ក៏​មិន​រស់​ឡើង​វិញ ហើយ​ជំនឿ​របស់​គ្រីស្ទ‌បរិស័ទ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។
ក្នុង​សំបុត្រ​ទី​ពីរ លោក​ប៉ុល​បាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​ដែល​លោក​បាន​ជួ​ប​ប្រ​ទះ នៅ​តំបន់​ជុំ​វិញ​ក្រុង​អេភេ‌សូរ (១.១-១១)។ ក្រោយ​មក លោក​ក៏​បាន​ពន្យល់​អំពី​មុខ‌ងារ​ជា​សាវក និង​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​ដែល​សាវក​ត្រូវ​ឆ្លង​កាត់ (១.១២-៧.១៦)។
លោក​ដាស់​តឿន​គ្រីស្ទ‌បរិស័ទ​ឲ្យ​មាន​ចិត្ដ​ទូលាយ ក្នុង​ការ​ប្រមូល​ប្រាក់​តង្វាយ​ផ្ញើ​ទៅ​ជួយ​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​ដែល​កំពុង​ខ្វះ​ខា​ត (៨-៩)។
នៅ​ទី​បញ្ចប់​លោក​ប៉ុល​ខំ​ដោះសា​ខ្លួន​ចំពោះ​អ្នក​មួល​បង្កាច់​លោក គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​អំពី​មុខ‌ងារ​របស់​លោក​ជា​សាវក។

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល