ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ មិនមែនរូបកាយខាងវិញ្ញាណទេដែលកើតមុន គឺរូបកាយខាងសាច់ឈាមវិញ បន្ទាប់មក ទើបរូបកាយខាងវិញ្ញាណមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមក គឺធ្វើពីធូលីដី រីឯមនុស្សទីពីរវិញ មកពីស្ថានសួគ៌។ មនុស្សម្នាក់ដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដីក៏យ៉ាងនោះដែរ ហើយមនុស្សម្នាក់ដែលមកពីស្ថានសួគ៌ជាយ៉ាងណា អស់អ្នកដែលកើតពីស្ថានសួគ៌ក៏យ៉ាងនោះដែរ។ យើងមានរូបរាងដូចមនុស្សដែលធ្វើពីធូលីមកយ៉ាងណា នោះយើងក៏នឹងមានរូបរាងដូចមនុស្សដែលមកពីស្ថានសួគ៌យ៉ាងនោះដែរ។ បងប្អូនអើយ សេចក្តីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ ហើយសេចក្តីពុករលួយ ក៏មិនអាចគ្រងសេចក្តីដែលមិនចេះពុករលួយបានដែរ។ មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។ ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវតែពាក់សេចក្តីមិនចេះស្លាប់វិញ។ នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ» «ឱសេចក្តីស្លាប់អើយ តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?» រីឯទ្រនិចនៃសេចក្តីស្លាប់ គឺអំពើបាប ហើយអំណាចរបស់បាប គឺក្រឹត្យវិន័យ តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
អាន ១ កូរិនថូស 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 15:45-58
22 ថ្ងៃ
"តើគ្រីស្ទានគួររស់នៅដោយរបៀបណា?" គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងសំបុត្រទីមួយទៅកាន់ពួកកូរិនថូស ដោយផ្តល់ការថែទាំជាក់ស្តែង និងការកែតម្រូវចំពោះបញ្ហាដែលគ្រីស្ទានវ័យក្មេងប្រឈមមុខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ