១ កូរិន‌ថូស 14:1-25

១ កូរិន‌ថូស 14:1-25 គកស១៦

ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។ ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ អ្នក​នោះ​ស្អាង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ណា​ដែល​ថ្លែង​ទំនាយ ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង‌អស់​គ្នា តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ថ្លែង​ទំនាយ​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ទំនាយ វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​លែង​តែ​អ្នក​នោះ​បក​ប្រែ​ផង ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ​ឡើង។ ឥឡូវ​នេះ បង‌ប្អូន​អើយ បើ​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​ដោយ​និយាយ​ភាសា​ដទៃ តើ​ខ្ញុំ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា? លើក​លែង​តែ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់​គ្នា​ដោយការ​បើក​សម្ដែង ឬ​ដោយ​ចំណេះ​ដឹង ដោយ​សេចក្តី​ទំនាយ ឬ​ដោយ​សេចក្តី​បង្រៀន​វិញ។ សូម្បី​តែ​ឧបករណ៍​តន្ដ្រី​ដែល​គ្មាន​ជីវិត ដូច​ជា​ខ្លុ​យ ឬ​ស៊ុង​ក្តី ក៏​ដូច​គ្នា បើ​វា​មិន​បញ្ចេញ​សំឡេង​ខុស​ពី​គ្នា​ទេ ធ្វើ​ដូច‌ម្តេច​ឲ្យ​ដឹង​បាន​ថា ឧបករណ៍​ដែល​កំពុង​លេង​នោះ ជា​ខ្លុយ ឬ​ជា​ស៊ុង​ទៅ​បាន? ហើយ​បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​អ្នក​ណា​នឹង​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន? ឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ប្រសិន‌បើ​អណ្តាត​មិន​ប​ញ្ចេញ​ពាក្យ​ដែល​ស្តាប់​បាន ធ្វើ​ដូច‌ម្តេច​ឲ្យ​គេ​ដឹង​ថា​អ្នក​រាល់​គ្នា​និយាយ​ពី​អ្វី​ទៅ​បាន? ដូច្នេះ អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ខ្យ​ល់​ហើយ។ នៅ​ក្នុង​លោក​នេះ មាន​សំឡេង​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ នោះ​ចូរ​ខំ​ឲ្យ​បាន​ល្អ​វិសេស​ចុះ ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។ ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។ បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។ មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា៖ «យើង​នឹង​និយាយ​ទៅ​កាន់​សាសន៍​នេះ ដោយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ស្តាប់​យើង​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ។ ភាសា​ដទៃ​ជា​ទី​សម្គាល់​មួយ មិន​មែន​សម្រាប់​ពួក​អ្នក​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​មិន​ជឿ ឯ​ការ​ថ្លែង​ទំនាយ​វិញ មិន​មែន​សម្រាប់​ពួក​អ្នក​មិន​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​ជឿ​វិញ។ ដូច្នេះ បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ប្រជុំ​គ្នា ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​អ្នក​ដែល​មិន​ដឹង ឬ​អ្នក​មិន​ដែល​ជឿ​ចូល​មក តើ​គេ​នឹង​មិន​និយាយ​ថា អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ? តែ​បើ​ថ្លែង​ទំនាយ​ទាំង‌អស់​គ្នា​វិញ ហើយ​មាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ខ្លះ​ដែល​មិន​ដឹង​ចូល​មក នោះ​គេ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​សារ​អ្នក​រាល់​គ្នា ហើយ​គេ​ត្រូវ​វិនិច្ឆ័យ​ដោយ​សារ​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នោះ សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​គេ នឹង​បង្ហាញ​ចេញ​មក ហើយ​គេ​នឹង​ក្រាប​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ ទាំង​ប្រកាស​ថា៖ «ព្រះ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន» ។