១ កូរិន‌ថូស 1:13-31

១ កូរិន‌ថូស 1:13-31 គកស១៦

តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ? តើ​ប៉ុល​ត្រូវ​គេ​ឆ្កាង​សម្រាប់​អ្នក​រាល់​គ្នា​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ុល? ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដែល​ខ្ញុំ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា លើក​លែង​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និយាយ​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ (ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ណាស​ដែរ លើស​ពី​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ)។ ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ តែ​មិន​មែន​ដោយ​ប្រាជ្ញា​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ។ ដ្បិត​ដំណឹង​អំពី​ឈើ​ឆ្កាង ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដល់​យើង​ដែល​កំពុង​តែ​បាន​សង្គ្រោះ។ ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «យើង​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​លើក​ចំណេះ​របស់​ពួក​អ្នក​ចេះ​ចោល​ចេញ»។ តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ? ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។ ព្រោះ​សាស​ន៍​យូដា​ចង់​ឃើញ​ទី​សម្គាល់ ហើយ​សាសន៍​ក្រិក​ស្វែង​រក​ប្រាជ្ញា តែ​យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដែល​ត្រូវ​ឆ្កាង ជា​ហេតុ​នាំ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​សាសន៍​ក្រិក ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក ព្រះ‌គ្រីស្ទ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។ ដ្បិត​សេចក្តី​ល្ងី‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​ប្រាជ្ញា​របស់​មនុស្ស ហើយ​ភាព​ទន់​ខ្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​កម្លាំង​របស់​មនុស្ស​ដែរ។ បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ទាប​ថោក និង​អ្វី​ដែល​គេ​មើល​ងាយ​នៅ​លោកីយ៍​នេះ អ្វីៗ​ដែល​គ្មាន ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ដែល​មាន​ទៅ​ជា​អសារ​ឥត​ការ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​បាន​ឡើយ។ ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង ដើម្បី​ឲ្យ​ត្រូវ​ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​ពី​ព្រះ‌អម្ចាស់» ។