១ របា‌ក្សត្រ 7

7
កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ
1កូន​របស់​អ៊ីសា‌ខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន ទាំង​អស់​មាន​បួន​នាក់។ 2កូន​ថូឡា គឺ​អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល គេ​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា។ ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​តំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ មាន​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ប្រាំមួយ​នាក់។ 3កូន​របស់​អ៊ូស៊ី គឺ​យីសរ៉ា‌ហ៊ា ហើយ​កូន​របស់​យីសរ៉ា‌ហ៊ា គឺ​មីកែល អូបា‌ឌា យ៉ូអែល និង​យីសយ៉ា ទាំង​អស់​មាន​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹកនាំ 4ហើយ​នៅ​ជា‌មួយ​គេ មាន​ពួក​ទាហាន​សម្រាប់​ចម្បាំង ចំនួន​បី​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ តាម​តំណ​តាម​វង្សា‌នុវង្ស​របស់​បុព្វ‌បុរស​គេ ព្រោះ​គេ​មាន​ប្រពន្ធ មាន​កូន​ច្រើន។ 5ពួក​បង‌ប្អូន​របស់​គេ នៅ​ក្នុង​ពួក​គ្រួ​អ៊ីសា‌ខារ​ទាំង​ប៉ុន្មាន ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​រាប់​តាម​ពង្សាវ‌តារ​គេ នោះ​មាន​ចំនួន​ប្រាំបី​ម៉ឺន​ប្រាំពីរ​ពាន់​នាក់។
កុល‌សម្ព័ន្ធ​បេនយ៉ាមីន
6ឯ​កូន​របស់​បេនយ៉ាមីន គឺ​បេឡា បេគើរ និង​យេឌី‌អែល ទាំង​អស់​មាន​បី​នាក់។ 7កូន​របស់​បេឡា គឺ​អេស‌បូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និង​អ៊ីរី ទាំង​អស់​មាន​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ហើយ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន តាម​ពង្សាវ‌តារ​របស់​គេ នោះ​បាន​រាប់​ចំនួន​ជា​ពីរ​ម៉ឺន​ពីរ​ពាន់​សាមសិប​បួន​នាក់។ 8កូន​របស់​បេគើរ គឺ​សេមី‌រ៉ា យ៉ូអាស អេលា‌ស៊ើរ អូលីយ៉ូ‌ណាយ អំរី យេរេ‌ម៉ូត អ័ប៊ីយ៉ា អ័ណា‌ថូត និង​អ័ឡា‌មែត នេះ​សុទ្ធ​តែ​ជា​កូន​របស់​បេគើរ។ 9ក៏​បាន​រាប់​គេ​តាម​ពង្សាវ‌តារ តាម​តំណ​គេ សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ឃើញ​មាន​ចំនួន​ពីរ​ម៉ឺន​ពីររយ​នាក់។ 10ឯ​កូន​របស់​យេឌី‌អែល គឺ​ប៊ីល‌ហាន ហើយ​កូន​របស់​ប៊ីល‌ហាន គឺ​យេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអា‌ណា សេថាន តើស៊ីស និង​អ័ហ៊ី‌សាហារ។ 11នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេឌី‌អែល តាម​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​ក្នុង​ពួក​ពល‌ទ័ព​បាន មាន​ចំនួន​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​ពីររយ​នាក់។ 12មាន​ស៊ូភីម និង​ហ៊ូភីម ជា​កូន​អ៊ា ហើយ​ហ៊ូស៊ីម ជា​កូន​អ័ហ៊ើរ​ដែរ។
កុល‌សម្ព័ន្ធ​ណែបថាលី
13កូន​របស់​ណែប‌ថា‌លី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម សុទ្ធ​តែ​ជា​កូន​របស់​នាង​ប៊ីលហា។
កុល‌សម្ព័ន្ធ​ម៉ាណា‌សេ
14កូន​របស់​ម៉ាណា‌សេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត។ 15ម៉ាគារ​បាន​យក​ប្រពន្ធ​ឈ្មោះ​ម្អាកា ជា​ប្អូន​ស្រី​របស់​ពួក​ហ៊ូភីម និង​ស៊ូភីម ហើយ​កូន​ទី​ពីរ​របស់​ម៉ាណា‌សេ គឺ​ស្លូផិ‌ហាត រីឯ​ស្លូផិ‌ហាត​គាត់​មាន​សុទ្ធ​តែ​កូន​ស្រី។ 16ឯ​នាង​ម្អាកា​ជា​ប្រពន្ធ​ម៉ាគារ​នាង​បង្កើត​បាន​កូន​ប្រុស​មួយ ឲ្យ​ឈ្មោះ​ថា ពេរែស ប្អូន​គាត់​ឈ្មោះ​សេរែស ហើយ​កូន​របស់​អ្នក​នោះ គឺ​អ៊ូឡាម និង​រ៉ាគែម។ 17ឯ​កូន​របស់​អ៊ូឡាម គឺ​បេដាន នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កាឡាត ដែល​ជា​កូន​ម៉ាគារ ជា​កូន​ម៉ាណា‌សេ។ 18ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ និង​ម៉ាឡា។ 19កូន​របស់​សេមី‌ដា គឺ​អ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នី‌យ៉ាម។
កុល‌សម្ព័ន្ធ​អេប្រាអិម
20កូន​របស់​អេប្រាអិម គឺ​ស៊ុថេ‌ឡា ស៊ុថេឡា​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាត ថាហាត​បង្កើត​អេឡា‌ដា អេឡាដា​បង្កើត​ថាហាត 21ថាហាត​គាត់​បង្កើត​សាបាឌ សាបាឌ​បង្កើត​ស៊ុថេ‌ឡា ស៊ុថេឡា​បង្កើត​អេសើរ និង​អេលាឌ ដែល​ត្រូវ​ពួក​អ្នក​នៅ​ស្រុក​កាថ​សម្លាប់ ដោយ​ព្រោះ​អ្នក​ទាំង​ពីរ​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ 22ឯ​អេប្រាអិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង‌ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ 23រួចអេប្រាអិម​ចូល​ទៅ​ឯ​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​មួយ គាត់​ដាក់​ឈ្មោះ​ថា បេរា ព្រោះ​មានមហន្តរាយ កើត​ឡើង​ដល់​គ្រួសារ​របស់​គាត់។ 24កូន​ស្រី​របស់​គាត់ គឺ​សេអេ‌រ៉ា ជា​អ្នក​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ខាង​លើ​ផង និង​ក្រុង​អ៊ូសេន-សេអេ‌រ៉ា​ដែរ។ 25បេរា​បង្កើត​រេផា និង​រេសែប រេផា​បង្កើត​ថេឡា ថេឡា​បង្កើត​ថាហាន 26ថាហាន​បង្កើត​ឡាអា‌ដាន ឡាអាដាន​បង្កើត​អាំមិ‌ហ៊ូត អាំមិហ៊ូត​បង្កើត​អេលី‌សាម៉ា 27អេលី‌សាម៉ា​បង្កើត​នុន នុន​បង្កើត​យ៉ូស្វេ។ 28រីឯ​កេរ‌អាករ និង​ទី​លំនៅ​របស់​គេ គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន 29ហើយ​តាម​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​ម៉ាណា‌សេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន។ ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រា‌អែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។
កុល‌សម្ព័ន្ធ​អេស៊ើរ
30កូន​របស់​អេស៊ើរ​គឺ​យីមណា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​កូន​ស្រី។ 31ឯ​កូន​បេរា គឺ​ហេប៊ើរ និង​ម៉ាល‌គាល ជា​ឪពុក​ប៊ីសា‌វីត។ 32ហេប៊ើរ​បង្កើត​យ៉ាផ្លេត សូមើរ ហូថាម និង​ស៊ូអា ជា​កូន​ស្រី។ 33កូន​របស់​យ៉ាផ្លេត គឺ​ផាសាក់ ប៊ីមហាល និង​អ័សវ៉ាត នេះ​សុទ្ធ​តែ​ជា​កូន​យ៉ាផ្លេត។ 34កូន​របស់​សូមើរ គឺ​អ័ហ៊ី រ៉ូកា ហ៊ូបបា និង​អើរ៉ាម។ 35កូន​របស់​ហេលេម​ជា​ប្អូន​គាត់ គឺ​សូផា យីមណា សេលេស និង​អាំម៉ាល។ 36ឯ​កូន​របស់​សូផា គឺ​ស៊ូអា ហានេ‌ភើរ ស៊ូអាល បេរី យីមរ៉ា 37បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និង​ប្អេរ៉ា។ 38កូន​របស់​យេធើ គឺ​យេភូ‌នេ ពីសផា និង​អើរ៉ា 39កូន​របស់​អ៊ូឡា គឺ​អើរ៉ាស ហានាស និង​រីសយ៉ា។ 40ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អេស៊ើរ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ជ្រើស‌រើស ហើយ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ជា​មេ​លើ​ពួក​ចៅ‌ហ្វាយ ដែល​បាន​រាប់​តាម​ពង្សាវ‌តារ សម្រាប់​ក្រសួង​ខាង​ចម្បាំង មាន​ចំនួន​ជា​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល