១ របា‌ក្សត្រ 5

5
កុល‌សម្ព័ន្ធ​រូបេន
1កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់​ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវ‌តារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ 2ដ្បិត​យូដា​មាន​អំណាច​ជាង​បង‌ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​របស់​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)។ 3កូន​របស់​រូបេន​ដែល​ជា​កូន​ច្បង​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី។ 4រីឯ​កូន​របស់​យ៉ូអែល គឺ​សេម៉ា‌យ៉ា សេម៉ាយ៉ា​មាន​កូន​ឈ្មោះ​កុក កុក​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ 5ស៊ីម៉ាយ​មាន​កូន​ឈ្មោះ​មីកា មីកា​មាន​កូន​ឈ្មោះ​រីអាយ៉ា រីអាយ៉ា​មាន​កូន​ឈ្មោះ​បាល 6បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេ‌ស៊ើរ ស្តេច​ស្រុក​អាស‌ស៊ើរ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន។ 7ពួក​បង‌ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវ‌តារ តាម​អស់​ទាំង​តំណ​គេ នោះ​បាន​រាប់​ជា​មេ គឺ​យីអែល និង​សាការី 8ហើយ​បេឡា ជា​កូន​អ័សាស ដែល​ជា​កូន​សេម៉ា ជា​កូន​យ៉ូអែល ដែល​នៅ​ស្រុក​អារ៉ូ‌អ៊ើរ​រហូត​ដល់​នេបូរ និង​បាល-មេយ៉ូន។ 9គាត់​ក៏​រស់​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើរ‌ប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ព្រោះ​ហ្វូង​សត្វ​របស់​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត។ 10នៅ​ក្នុង​រាជ្យ​ស្ដេច​សូល ពួក​គេ​បាន​ច្បាំង​នឹង​ពួក​ហាកា‌រេន ពួក​នោះ​ក៏​ចាញ់​គេ រួច​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។
កុល‌សម្ព័ន្ធ​កាដ
11ពួក​កូន​ចៅ​កាដ​បាន​នៅ​ក្នុង​ស្រុក​បាសាន​ជាប់​នឹង​គេ​រហូត​ដល់​សាលកា 12មាន​យ៉ូអែល​ជា​មេ សាផាម​ជា​បន្ទាប់ ហើយ​យ្អាណាយ និង​សាផាត នៅ​ស្រុក​បាសាន​នោះ។ 13រីឯ​ពួក​បង‌ប្អូន​គេ ដែល​កើត​ក្នុង​វង្ស​របស់​ឪពុក​គេ នោះ​គឺ​មីកែល មស៊ូ‌ឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​ហេប៊ើរ ទាំង​អស់​មាន​ប្រាំពីរ​នាក់។ 14ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​អ័ប៊ី‌ហែល ជា​កូន​ហ៊ូរី ដែល​ជា​កូន​យ៉ារ៉ូ‌អា យ៉ារ៉ូអា​ជា​កូន​កាឡាត កាឡាត​ជា​កូន​មីកែល មីកែល​ជា​កូន​យេស៊ី‌សាយ យេស៊ីសាយ​ជា​កូន​យ៉ាដោ ដែល​ជា​កូន​ប៊ូស។ 15ឯ​អ័ហ៊ី ជា​កូន​អ័បឌាល ដែល​ជា​កូន​គូនី គាត់​ជា​មេ​លើ​វង្ស​ឪពុក​គេ។ 16ពួក​នោះ​រស់​នៅ​ស្រុក​កាឡាត ក្នុង​ស្រុក​បាសាន ក្នុង​ទី​ក្រុង​តូច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ និង​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ក្រុង​សារ៉ុន​រហូត​ដល់​ព្រំ​ប្រទល់​របស់​គេ។ 17ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវ‌តារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល។
18កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាដ និង​ពួក​ម៉ាណា‌សេ​មួយ​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​ក្នុង​ចម្បាំង គឺ​មាន​ចំនួន​ប្រហែល​ជា​បួន​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​ហុកសិប​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ 19គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាកា‌រេន ពួក​យេធើរ ពួក​ណាភីស និង​ពួក​ណូដាប់ 20ហើយ​ពេល​គេ​បាន​ទទួល​ជំនួយ ទាស់​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាកា‌រេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​គេ ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចម្បាំង ព្រះ‌អង្គ​ក៏​ជួយ ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ព្រះ‌អង្គ។ 21គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​ប្រាំ​ម៉ឺន ចៀម​ពីរ​សែន​ប្រាំ​ម៉ឺន និង​លា​ពីរ​ពាន់ ព្រម​ទាំង​មនុស្ស​មួយ​សែន​នាក់។ 22មាន​មនុស្ស​ដួល​ស្លាប់​សន្ធឹក​ណាស់ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ គេ​ក៏​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ទាំង​នោះ ដរាប​ដល់​វេលា​ដែល​គេ​ត្រូវ​ជាប់​ជា​ឈ្លើយ​វិញ។
ពាក់​កណ្ដាល​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ
23ពួក​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចម្រើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុកបាល-ហ៊ើរម៉ូន សេនារ និង​ភ្នំ​ហ៊ើរម៉ូន។ 24រីឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេ‌រេមី ហូដា‌វា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ឈ្មោះ​ល្បី ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។
25ប៉ុន្តែ គេ​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​បុព្វ‌បុរស​គេ ព្រម​ទាំង​ផិត​តាម​អស់​ទាំង​ព្រះ​របស់​ពួក​អ្នក​នៅ​ស្រុក​ដែល​ព្រះ​បាន​បំផ្លាញ​ចេញ​ពី​មុខ​គេ។ 26ដូច្នេះ ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​នៃ​ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឲ្យ​នាំ​គេ​ទៅ គឺ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នោះ ស្តេច​ទាំង​ពីរ​អង្គ​នោះ​ក៏​នាំ​គេ​ទៅ​នៅ​ឯ​ហាឡា ហាបោរ ហារ៉ា ហើយ​ដល់​ទន្លេ​ស្រុក​កូសាន ដរាប​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល