១ របាក្សត្រ 5
5
កុលសម្ព័ន្ធរូបេន
1កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ 2ដ្បិតយូដាមានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចរបស់បងច្បងជារបស់យ៉ូសែបវិញ)។ 3កូនរបស់រូបេនដែលជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី។ 4រីឯកូនរបស់យ៉ូអែល គឺសេម៉ាយ៉ា សេម៉ាយ៉ាមានកូនឈ្មោះកុក កុកមានកូនឈ្មោះស៊ីម៉ាយ 5ស៊ីម៉ាយមានកូនឈ្មោះមីកា មីកាមានកូនឈ្មោះរីអាយ៉ា រីអាយ៉ាមានកូនឈ្មោះបាល 6បាលមានកូនមួយឈ្មោះប្អេរ៉ា ជាអ្នកដែលទីកឡាត-ពីលេស៊ើរ ស្តេចស្រុកអាសស៊ើរបានដឹកនាំទៅជាឈ្លើយ អ្នកនោះជាកំពូលលើពួករូបេន។ 7ពួកបងប្អូនគាត់តាមគ្រួគេ ក្នុងកាលដែលធ្វើបញ្ជីពង្សាវតារ តាមអស់ទាំងតំណគេ នោះបានរាប់ជាមេ គឺយីអែល និងសាការី 8ហើយបេឡា ជាកូនអ័សាស ដែលជាកូនសេម៉ា ជាកូនយ៉ូអែល ដែលនៅស្រុកអារ៉ូអ៊ើររហូតដល់នេបូរ និងបាល-មេយ៉ូន។ 9គាត់ក៏រស់នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើរប្រាត រហូតដល់មាត់ទីរហោស្ថាន ព្រោះហ្វូងសត្វរបស់គេបានចម្រើនជាច្រើនឡើងនៅស្រុកកាឡាត។ 10នៅក្នុងរាជ្យស្ដេចសូល ពួកគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
កុលសម្ព័ន្ធកាដ
11ពួកកូនចៅកាដបាននៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា 12មានយ៉ូអែលជាមេ សាផាមជាបន្ទាប់ ហើយយ្អាណាយ និងសាផាត នៅស្រុកបាសាននោះ។ 13រីឯពួកបងប្អូនគេ ដែលកើតក្នុងវង្សរបស់ឪពុកគេ នោះគឺមីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ ទាំងអស់មានប្រាំពីរនាក់។ 14ទាំងនេះសុទ្ធតែជាកូនចៅអ័ប៊ីហែល ជាកូនហ៊ូរី ដែលជាកូនយ៉ារ៉ូអា យ៉ារ៉ូអាជាកូនកាឡាត កាឡាតជាកូនមីកែល មីកែលជាកូនយេស៊ីសាយ យេស៊ីសាយជាកូនយ៉ាដោ ដែលជាកូនប៊ូស។ 15ឯអ័ហ៊ី ជាកូនអ័បឌាល ដែលជាកូនគូនី គាត់ជាមេលើវង្សឪពុកគេ។ 16ពួកនោះរស់នៅស្រុកកាឡាត ក្នុងស្រុកបាសាន ក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងវាលស្មៅទាំងប៉ុន្មានដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំប្រទល់របស់គេ។ 17ពួកអ្នកទាំងនោះបានកត់ក្នុងបញ្ជីតាមពង្សាវតាររបស់គេ នៅក្នុងរាជ្យយ៉ូថាម ជាស្តេចយូដា ហើយនៅក្នុងរាជ្យយេរ៉ូបោម ជាស្តេចអ៊ីស្រាអែល។
18កូនរបស់រូបេន ព្រមទាំងពួកកាដ និងពួកម៉ាណាសេមួយចំហៀង គេមានមនុស្សក្លាហាន ដែលអាចកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកក្នុងចម្បាំង គឺមានចំនួនប្រហែលជាបួនម៉ឺនបួនពាន់ប្រាំពីររយហុកសិបនាក់ ដែលអាចនឹងចេញទៅច្បាំងបាន។ 19គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់ 20ហើយពេលគេបានទទួលជំនួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្ដាប់ដៃគេ ព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ព្រះអង្គក៏ជួយ ដោយព្រោះគេបានទីពឹងព្រះអង្គ។ 21គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋប្រាំម៉ឺន ចៀមពីរសែនប្រាំម៉ឺន និងលាពីរពាន់ ព្រមទាំងមនុស្សមួយសែននាក់។ 22មានមនុស្សដួលស្លាប់សន្ធឹកណាស់ ដ្បិតចម្បាំងនោះកើតពីព្រះ គេក៏អាស្រ័យនៅក្នុងទីលំនៅរបស់អ្នកទាំងនោះ ដរាបដល់វេលាដែលគេត្រូវជាប់ជាឈ្លើយវិញ។
ពាក់កណ្ដាលនៃកុលសម្ព័ន្ធម៉ាណាសេ
23ពួកកូនចៅរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចម្រើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើរម៉ូន សេនារ និងភ្នំហ៊ើរម៉ូន។ 24រីឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានឈ្មោះល្បី ហើយជាកំពូលលើវង្សរបស់ឪពុកគេ។
25ប៉ុន្តែ គេបានរំលងទាស់នឹងព្រះនៃបុព្វបុរសគេ ព្រមទាំងផិតតាមអស់ទាំងព្រះរបស់ពួកអ្នកនៅស្រុកដែលព្រះបានបំផ្លាញចេញពីមុខគេ។ 26ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្ដាលព្រះហឫទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យនាំគេទៅ គឺពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ ស្តេចទាំងពីរអង្គនោះក៏នាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies