១ របា‌ក្សត្រ 14

14
ព្រះបាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡិម
1រីឯ​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​សារ​មក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តា‌ត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។ 2ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​រាជ្យ​របស់​ទ្រង់​បាន​ថ្កុំថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​សារ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។
3នៅ​ក្រុង​យេរូ‌សាឡិម ព្រះបាទ​ដាវីឌ​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ទៀត។ 4ទាំង​នេះ​ជា​នាម​របស់​បុត្រ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន 5យីបហារ អេលី‌សួរ អែលផា‌លេត 6ណូកា នេផេក យ៉ាភា 7អេលី‌សាម៉ា ប្អេលីយ៉ាដា និង​អេលីផា‌លេត។
ជ័យ‌ជម្នះ​លើ​ពួក​ភីលី‌ស្ទីន
8ពេល​ពួក​ភីលី‌ស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ ពួក​ភីលី‌ស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​ដាវីឌ​ក៏​បាន​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ។ 9ឯ​ពួក​ភីលី‌ស្ទីន​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម។ 10ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​នេះ​ឬ​ទេ? តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ឬ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។ 11ដូច្នេះ គេ​បាន​ឡើង​មក​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ព្រះបាទ​ដាវីឌ​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ទម្លាយ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ដោយ‌សារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់»។ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា "បាល-ពេរ៉ាស៊ីម "។ 12ពួក​គេ​ក៏​បោះបង់​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ព្រះបាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។
13ពួក​ភីលី‌ស្ទីន​បាន​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត។ 14ពេល​ព្រះបាទ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ​ដូច​មុន ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចម្ការ​មន​វិញ 15កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន​ដូច​ជា​ពួក​ពល​ដើរ នោះ​អ្នក​ត្រូវ​ចេញ​ទៅ​ចុះ ដ្បិត​ព្រះ​នឹង​ចេញ​ទៅ​នៅ​មុខ​អ្នក ដើម្បី​វាយ​ពួក​ពល​ភីលី‌ស្ទីន»។ 16ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលី‌ស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ។ 17ដូច្នេះ កិត្តិនាម​របស់​ព្រះបាទ​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល