ណាពី​សាកា‌រីយ៉ា 6

6
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​រទេះ​បួន
1ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​រទេះ​បួន ចេញ​ពី​ចន្លោះ​ភ្នំ​លង្ហិន​ពីរ។ 2រទេះ​ទី​មួយ​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រទេះ​ទី​ពីរ​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ 3រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។ 4ខ្ញុំ​ក៏​សួរ​ម៉ាឡា‌អ៊ីកាត់​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​រទេះ​សេះ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ?»។ 5ម៉ាឡា‌អ៊ីកាត់​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​នៅ»។ 6សេះ​សម្បុរ​ខ្មៅ​អូស​រទេះ​ចេញ​ទៅ​កាន់​ស្រុក​ខាង​ជើង សេះ​សម្បុរ​ស​ចេញ​មក​តាម​ក្រោយ។ សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ស្រុក​ខាង​ត្បូង។ 7សេះ​សម្បុរ​ត្នោត​ចេញ​មក ហើយ​សុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ អុលឡោះ‌តាអាឡា​ប្រាប់​ថា: ចូរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី​ចុះ! រទេះ​សេះ​នោះ​ក៏​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ 8ទ្រង់​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​រស​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។
បន្ទូល​របស់​អុលឡោះ​ណែ‌នាំ និង​សន្យា ស្ដី​អំពី​ការ​សង់​ម៉ាស្ជិទ​ឡើង​វិញ
9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ 10«ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​ជំនូន​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។ 11ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ បំពាក់​ឲ្យ​មូស្ទី​យេសួរ ជា​កូន​របស់​យូសា‌ដាក។ 12ចូរ​ប្រាប់​គាត់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ:
“បុរស​ម្នាក់​ឈ្មោះ​ពន្លក
គាត់​នៅ​ទី​ណា
អ្វីៗ​ទាំង​អស់​នឹង​លូត​លាស់​ឡើង​នៅ​ទី​នោះ។
គាត់​នឹង​សង់​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា
13គឺ​គាត់​នោះ​ហើយ​ដែល​នឹង​សង់​ម៉ាស្ជិទ
របស់អុលឡោះ‌តាអាឡា
គាត់​នឹង​ពាក់​គ្រឿង​ឥស្សរិយ‌យស
ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង
គាត់​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​គាត់។
អ៊ីមុាំ​មួយ​នាក់​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត
ហើយ​អ្នក​ទាំង​ពីរ​មាន​ទំនាក់‌ទំនង
យ៉ាង​ជិត‌ស្និទ្ធ​ជា​មួយ​គ្នា។
14មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ដើម្បី​រំលឹក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។ 15អស់​អ្នក​ដែល​បែក‌ខ្ញែក​ទៅ​ស្រុក​ឆ្ងាយ​នឹង​នាំ​គ្នា​វិល​មក​វិញ ដើម្បី​បំពេញ​ការ‌ងារ​សង់​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា”។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។ ហេតុ‌ការណ៍​នេះ​នឹង​សម្រេច​ជា​រូប​រាង ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ស្មោះ»។

ទើបបានជ្រើសរើសហើយ៖

ណាពី​សាកា‌រីយ៉ា 6: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល