ណាពីសាការីយ៉ា 12
12
ការរំដោះក្រុងយេរូសាឡឹម
1សេចក្ដីប្រកាស
នេះជាបន្ទូលដែលអុលឡោះតាអាឡា
ថ្លែងអំពីស្រុកអ៊ីស្រអែល។
អុលឡោះតាអាឡាដែលបានលាតសន្ធឹងផ្ទៃមេឃ
ហើយចាក់គ្រឹះផែនដី
ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក
ទ្រង់មានបន្ទូលថា៖
2«យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ 3នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។ 4នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ 5ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ពួកគេ។ 6នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
7 អុលឡោះតាអាឡានឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។ 8នៅថ្ងៃនោះ អុលឡោះតាអាឡានឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ទ្រង់នឹងធ្វើឲ្យគេមានកម្លាំងដូចស្តេចទត ហើយពូជពង្សរបស់ស្តេចទតនឹងគ្រប់គ្រងដោយយុត្តិធម៌ប្រៀបដូចអុលឡោះឬប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា នៅមុខពួកគេ។
ពួកគេកាន់ទុក្ខអម្ចាស់ដែលគេបានចាក់ទម្លុះ
9នៅថ្ងៃនោះ យើងនឹងកំទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។ 10យើងនឹងចាក់បង្ហូររសមកលើរាជវង្សរបស់ទត និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះទូរអា។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។ 11នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខនៅហាដាដ-រីម៉ូននៅវាលមេគីដោ។ 12អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្ញាតិវង្សរបស់ស្តេចទត ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់ណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 13អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 14រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.