យ៉ះយ៉ា 17

17
ណាពី​អ៊ីសា​ទូរអា​ឲ្យ​ពួក​សិស្ស
1កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ គាត់​ងើប​មុខ​មើល​ទៅ​លើ​មេឃ​និយាយ​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សំដែង​សិរី‌រុង‌រឿង​របស់​ខ្ញុំ​ឡើង ដើម្បី​ឲ្យ​បុត្រា​សំដែង​សិរី‌រុង‌រឿង​របស់​បិតា​ដែរ។ 2ទ្រង់​បាន​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​បុត្រា​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​បុត្រា។ 3រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។ 4ខ្ញុំ​បាន​សំដែង​សិរី‌រុង‌រឿង​របស់​អុលឡោះ​នៅ​លើ​ផែនដី ហើយ​ខ្ញុំ​ក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ទ្រង់​បញ្ជា ឲ្យ​ខ្ញុំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។ 5ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ខ្ញុំ​ឲ្យ​មាន​សិរី‌រុង‌រឿង​នៅ​ជិត​ទ្រង់ គឺ​សិរី‌រុង‌រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ជិត​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។
6ខ្ញុំ​បាន​សំដែង​នាម​របស់​ទ្រង់​ឲ្យ​អស់​អ្នក ដែល​ទ្រង់​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ខ្ញុំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ទ្រង់​ប្រទាន​គេ​មក​ឲ្យ​ខ្ញុំ ហើយ​គេ​បាន​ប្រតិ‌បត្ដិ​តាម​បន្ទូល​របស់​ទ្រង់។ 7ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ សុទ្ធ​តែ​មក​ពី​ទ្រង់​ទាំង​អស់ 8ដ្បិត​ខ្ញុំ​បាន​ប្រគល់​បន្ទូល​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ខ្ញុំ​បាន​ចេញ​មក​ពី​អុលឡោះ​មែន ព្រម​ទាំង​ជឿ​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទៀត​ផង។
9ខ្ញុំ​សូម​អង្វរ​អុលឡោះ​ឲ្យ​អ្នក​ទាំង​នោះ ខ្ញុំ​មិន​អង្វរ​ទ្រង់​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់។ 10អ្វីៗ​ជា​របស់​អុលឡោះ​ក៏​ជា​របស់​ខ្ញុំ ហើយ​អ្វីៗ​ជា​របស់​ខ្ញុំ​ក៏​ជា​របស់​អុលឡោះ​ដែរ។ ខ្ញុំ​សំដែង​សិរី‌រុង‌រឿង​ក្នុង​អ្នក​ទាំង​នោះ។ 11ខ្ញុំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ខ្ញុំ​ទៅ​ឯ​ទ្រង់​វិញ។ ឱ​អុលឡោះ​ជា​បិតា​ដ៏​វិសុទ្ធ​អើយ! សូម​ថែ​រក្សា​អ្នក​ទាំង​នោះ ដោយ​នាម​ទ្រង់​ផង គឺ​នាម​នេះ​ហើយ​ដែល​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។ 12កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ថែ​រក្សា​គេ ដោយ​នាម​ដែល​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ។ ខ្ញុំ​បាន​ការ‌ពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ប៉ុណ្ណោះ។ 13ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​អុលឡោះ​ហើយ ខ្ញុំ​និយាយ​ដូច្នេះ ពេល​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​ឲ្យ​គេ​មាន​អំណរ​របស់​ខ្ញុំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។ 14ខ្ញុំ​បាន​ប្រទាន​បន្ទូល​របស់​អុលឡោះ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ខ្ញុំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ 15ខ្ញុំ​មិន​អង្វរ​អុលឡោះ ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ទ្រង់​មេត្ដា​ការ‌ពារ​គេ​ពី​អំណាច​អ៊ីព្លេស​កំណាច​វិញ។ 16គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ខ្ញុំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ 17សូម​ប្រោស​គេ​ឲ្យ​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត គឺ​បន្ទូល​របស់​ទ្រង់​នោះ​ហើយ​ជា​សេចក្ដី​ពិត។ 18ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​លោក​ដែរ។ 19រីឯ​ខ្ញុំ​វិញ ខ្ញុំ​លះបង់​ជីវិត ជូន​ទ្រង់​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​បរិសុទ្ធ​ដោយ‌សារ​សេចក្ដី​ពិត។
20ខ្ញុំ​មិន​អង្វរ​អុលឡោះ​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឲ្យ​អស់​អ្នក​ជឿ​លើ​ខ្ញុំ តាម​រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ 21សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ 22រីឯ​សិរី‌រុង‌រឿង​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​ហើយ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ 23គឺ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​គេ ទ្រង់​នៅ​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា អុលឡោះ​ស្រឡាញ់​គេ ដូច​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ។ 24ឱ​អុលឡោះ​ជា​បិតា​អើយ! ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ បាន​នៅ​ជា​មួយ​ខ្ញុំ ឯ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​សិរី‌រុង‌រឿង​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ខ្ញុំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។ 25ឱ​អុលឡោះ​ជា​បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ទ្រង់​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ទ្រង់ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ 26ខ្ញុំ​បាន​សំដែង​នាម​ទ្រង់​ឲ្យ​គេ​ស្គាល់ ហើយ​ខ្ញុំ​នឹង​សំដែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

ទើបបានជ្រើសរើសហើយ៖

យ៉ះយ៉ា 17: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល