ណាពីហូសេ 7
7
1គឺនៅពេលយើងចង់ប្រោស
អ៊ីស្រអែលឲ្យបានជា
នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត
របស់សាម៉ារី មុខជាលេចចេញមក
ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក
ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
2ពួកគេមិនចេះគិតថា យើងនឹកចាំពី
អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។
ឥឡូវនេះ អំពើបាបរបស់ពួកគេ
ឡោមព័ទ្ធពួកគេជុំជិតហើយ
យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
3ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត
ដោយពួកគេប្រព្រឹត្តអំពើអាក្រក់
ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត
ដោយពួកគេបោកប្រាស់។
4ពួកគេសុទ្ធតែជាមនុស្សផិតក្បត់
ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ
ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស
ចាប់ពីពេលគាត់រៀបចំម្សៅ
រហូតដល់ពេលដែលម្សៅដោរឡើង។
5នៅថ្ងៃបុណ្យរបស់ស្ដេច
ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង
ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
6ពួកគេមានចិត្តក្ដៅដូចឡភ្លើង
រៀបចំគម្រោងការប្រព្រឹត្តអំពើអាក្រក់
ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់
ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះ
ដូចអគ្គីភ័យ។
7ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង
ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។
ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត
ជាបន្តបន្ទាប់គ្នា
តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
8អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃ
អេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
9ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេ
គេនៅតែមិនដឹងខ្លួន
គេចាស់សក់ស្កូវប៉ុណ្ណឹងហើយ
នៅតែមិនដឹងខ្លួនទៀត។
10អំនួតរបស់អ៊ីស្រអែលចោទប្រកាន់ខ្លួនឯង
តែពួកគេពុំបានវិលមករកអុលឡោះតាអាឡា
ជាម្ចាស់របស់ពួកគេវិញទេ
គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី
ក៏ពួកគេមិនស្វែងរកទ្រង់ដែរ។
11អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ
គ្មានប្រាជ្ញាទាល់តែសោះ
ពួកគេហៅស្រុកអេស៊ីបឲ្យមកជួយ
ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
12ពេលដែលពួកគេរត់ចេញទៅនោះ
យើងបោះសំណាញ់របស់យើងលើពួកគេ
យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប
យើងចាប់ពួកគេ នៅពេលយើងឮថា
ពួកគេជួបជុំគ្នា។
13ពួកគេពិតជាត្រូវវេទនាពុំខាន
ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង
ពួកគេពិតជាត្រូវអន្តរាយ
ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។
តើឲ្យយើងលោះពួកគេដូចម្ដេចបាន
បើពួកគេចេះតែនាំគ្នានិយាយកុហក
ដាក់យើងដូច្នេះ?
14ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ
ពួកគេចូលដំណេក ទាំងសោកសង្រេង
ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន
ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី
ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
15យើងបានបណ្ដុះបណ្ដាល និងចំរើនកម្លាំង
ឲ្យពួកគេ
ប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់
ប្រឆាំងនឹងយើង។
16ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ
ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ
ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។
ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប
សើចចំអកឡកឡឺយដាក់ពួកគេ»។
ទើបបានជ្រើសរើសហើយ៖
ណាពីហូសេ 7: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.