ណាពីហាកាយ 1
1
ពេលដែលត្រូវសង់ម៉ាស្ជិទឡើងវិញ
1នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
2 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ដំណាក់របស់អុលឡោះតាអាឡាឡើងវិញទេ”»។ 3ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកពួកគេតាមរយៈណាពីហាកាយ ដូចតទៅ៖
4«ពេលដំណាក់របស់យើងបាក់បែកនៅឡើយ
តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង
ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
5ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
មានបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
6អ្នករាល់គ្នាសាបព្រោះច្រើន
តែច្រូតបានផលតិច
អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត
អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់
អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ
អ្នកធ្វើការទទួលប្រាក់ឈ្នួល
តែដូចជាទុកនៅក្នុងថង់កណ្ដាច»។
7 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
8ចូរនាំគ្នាឡើងទៅលើភ្នំ
យកឈើមកសង់ដំណាក់របស់យើង។
យើងពេញចិត្តនឹងដំណាក់នេះ
ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»
នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
9«អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន
តែអ្នករាល់គ្នាទទួលបានតិច។
អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ
តែយើងបានផ្លុំបំបាត់អស់ទៅ។
ហេតុអ្វីបានជាដូច្នេះ?
គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ
ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង
ពីរឿងផ្ទះសំបែងរបស់ខ្លួន
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
10ហេតុនេះហើយបានជាមេឃទប់មិនឲ្យ
មានភ្លៀងធ្លាក់
ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។
11យើងនឹងធ្វើឲ្យកើតរាំងស្ងួត
គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ
លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ
លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។
ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ
ឥតបង្កើតបានផលអ្វីឡើយ»។
12ណាពីហាកាយបាននាំយកបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់គាត់ ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ មានបន្ទូលតាមរយៈណាពីហាកាយ ហើយកោតខ្លាចអុលឡោះតាអាឡា។ 13ហាកាយ ដែលអុលឡោះតាអាឡាចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមបន្ទូលរបស់អុលឡោះតាអាឡា។ ទ្រង់មានបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 14អុលឡោះតាអាឡាដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយទ្រង់ក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ ដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ពួកគេ 15នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស។
ទើបបានជ្រើសរើសហើយ៖
ណាពីហាកាយ 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.