កំណើតពិភពលោក 31
31
1យ៉ាកកូបបានឮកូនរបស់ឡាបាន់និយាយគ្នាថា៖ «យ៉ាកកូបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។ 2យ៉ាកកូបសង្កេតឃើញថា ឡាបាន់មិនសូវរាប់រកគាត់ដូចមុនទៀតឡើយ។ 3អុលឡោះតាអាឡាក៏មានបន្ទូលមកយ៉ាកកូបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។ 4យ៉ាកកូបចាត់គេឲ្យទៅហៅរ៉ាជែល និងលេអា មកឯហ្វូងសត្វនៅតាមទីវាល។ 5គាត់និយាយទៅប្រពន្ធទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់អូនមិនសូវរាប់រកបង ដូចមុនទៀតហើយ។ ក៏ប៉ុន្តែ អុលឡោះជាម្ចាស់នៃឪពុករបស់បងបាននៅជាមួយបង។ 6អូនទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់អូនយ៉ាងអស់ពីចិត្ត 7តែឪពុករបស់អូនបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្តូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ អុលឡោះមិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។ 8ប្រសិនបើឪពុករបស់អូនពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។ 9អុលឡោះបានដកហូតហ្វូងសត្វពីឪពុករបស់អូនហើយប្រគល់មកឲ្យបង។ 10នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗពពាល និងមានពណ៌អុជៗទាំងអស់។ 11ម៉ាឡាអ៊ីកាត់របស់អុលឡោះហៅបងក្នុងសុបិននោះថា “យ៉ាកកូបអើយ!” បងឆ្លើយវិញថា “បាទ!”។ 12ម៉ាឡាអ៊ីកាត់ពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ 13យើងជាម្ចាស់នៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលថ្មមួយ ថែមទាំងបានទូរអាទៀតផង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
14រ៉ាជែល និងលេអា ពោលទៅយ៉ាកកូបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។ 15គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត! 16ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលអុលឡោះបានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះប្រាប់បងទៅ»។
17យ៉ាកកូបក្រោកឡើង នាំកូន និងប្រពន្ធជិះអូដ្ឋចេញដំណើរទៅ។ 18គាត់នាំហ្វូងសត្វរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិដែលគាត់រកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលគាត់រកបាននៅស្រុកប៉ាដាន់អើរ៉ាម។ គាត់ធ្វើដំណើរត្រឡប់ទៅរកអ៊ីសាហាក់ ជាឪពុកនៅស្រុកកាណានវិញ។ 19ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។ 20រីឯយ៉ាកកូបវិញ គាត់បានលួចរត់ចេញពីឡាបាន់ ជាជនជាតិអើរ៉ាម ដោយពុំប្រាប់ឲ្យគាត់ដឹងមុនឡើយ 21គាត់បានរត់ចេញទៅ ដោយនាំយកអ្វីៗទាំងអស់ដែលគាត់មាន ទៅជាមួយផង។ គាត់បានឆ្លងកាត់ទន្លេអឺប្រាត តម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំកាឡាដ។
សន្ធិសញ្ញារវាងឡាបាន់ និងយ៉ាកកូប
22នៅថ្ងៃទីបី មានគេមកជម្រាបឡាបាន់ថា យ៉ាកកូបរត់បាត់ទៅហើយ។ 23គាត់ក៏នាំបងប្អូនដេញតាមយ៉ាកកូប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់យ៉ាកកូប នៅតំបន់ភ្នំកាឡាដ។ 24ក៏ប៉ុន្តែ អុលឡោះមកឲ្យឡាបាន់ ជាជនជាតិអើរ៉ាម ឃើញក្នុងសុបិននៅពេលយប់ ហើយមានបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកកូបឡើយ ទោះបីល្អ ឬអាក្រក់ក្តី»។
25ឡាបាន់បានតាមយ៉ាកកូបទាន់។ យ៉ាកកូបបោះជំរំនៅលើភ្នំ រីឯឡាបាន់វិញ គាត់ក៏បោះជំរំជាមួយបងប្អូនគាត់ នៅលើភ្នំកាឡាដដែរ។ 26ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? 27ហេតុអ្វីបានជាកូនលួចរត់មកដូច្នេះ? កូនបានបញ្ឆោតពុកហើយ គឺមិនប្រាប់ឲ្យឪពុកបានដឹងសោះ។ បើពុកដឹងមុន ម៉្លេះសមពុកជូនដំណើរកូន ដោយអំណរសប្បាយ គឺមានច្រៀង វាយស្គរ និងលេងពិណផង។ 28កូនមិនបានទុកឲ្យពុក ថើបលាកូនចៅប្រុសស្រីរបស់ពុកឡើយ កូនធ្វើដូច្នេះពិតជាល្ងីល្ងើមែន។ 29ពុកមានអំណាចអាចធ្វើទោសឯងរាល់គ្នាបាន តែម្ចាស់នៃដូនតារបស់ឯងរាល់គ្នា មានបន្ទូលមកកាន់ពុកពីយប់មិញថា “ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកកូបឡើយ ទោះបីល្អ ឬអាក្រក់ក្តី”។ 30ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
31យ៉ាកកូបឆ្លើយទៅឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះ មកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្តើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។ 32ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ យ៉ាកកូបពុំដឹងថា រ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ 33ឡាបាន់ចូលទៅក្នុងជំរំរបស់យ៉ាកកូប ជំរំរបស់លេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លេអា ចូលទៅក្នុងជំរំរបស់រ៉ាជែល។ 34រ៉ាជែលបានយករូបព្រះទាំងនោះ ដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។ 35រ៉ាជែលជម្រាបឪពុកថា៖ «សូមលោកឪពុកកុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ ឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ 36យ៉ាកកូបខឹងយ៉ាងខ្លាំង ហើយរករឿងឡាបាន់។ គាត់ពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? 37ពេលលោកឪពុកឆែកឆេរមើលឥវ៉ាន់ទាំងប៉ុន្មានរបស់ខ្ញុំ តើលោកឪពុកឃើញមានអ្វីខ្លះ ដែលជារបស់ក្រុមគ្រួសារលោកឪពុក? សូមបង្ហាញឲ្យបងប្អូនរបស់ខ្ញុំ និងបងប្អូនលោកឪពុកបានឃើញនៅទីនេះផង ដើម្បីឲ្យគេជួយអារកាត់រឿងយើងទាំងពីរ។ 38ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយ ក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ 39ខ្ញុំពុំបានយកសត្វណាដែលត្រូវសត្វព្រៃខាំសម្លាប់មកជូនលោកឪពុកវិញទេ គឺខ្ញុំតែងតែសងជានិច្ច ហើយប្រសិនបើគេលួចសត្វនៅពេលថ្ងៃក្តី ឬយប់ក្តី លោកឪពុកតែងចាប់ឲ្យខ្ញុំសងទាំងអស់។ 40ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកំដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។ 41ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុក មកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្តូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។ 42ប្រសិនបើអុលឡោះជាម្ចាស់នៃអ៊ីព្រហ៊ីម ជាជីតារបស់ខ្ញុំ ជាម្ចាស់ដែលអ៊ីសាហាក់គោរពកោតខ្លាច មិនបាននៅជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ទ្រង់បានឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ទ្រង់កាន់ខាងខ្ញុំ»។ 43ឡាបាន់ឆ្លើយទៅយ៉ាកកូបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។ 44ដូច្នេះ ឥឡូវនេះ ដល់ពេលដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយគ្នា ហើយសូមឲ្យមានសាក្សីដឹងឮផង!»។ 45យ៉ាកកូបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាបង្គោល។ 46យ៉ាកកូបប្រាប់បងប្អូនរបស់គាត់ថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគ នៅលើគំនរថ្មនោះ។ 47ឡាបាន់ហៅកន្លែងនោះថា «យេការ-សាហាឌូថា» តែយ៉ាកកូបហៅកន្លែងនោះថា «កាឡេឌ»វិញ។ 48ឡាបាន់ពោលថា៖ «ថ្ងៃនេះពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។ 49គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។ 50ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ហើយទៅយកប្រពន្ធផ្សេងទៀតនោះ ចូរប្រយ័ត្ន ទោះបីគ្មាននរណានៅជាមួយយើងក្តី ក៏មានអុលឡោះធ្វើជាសាក្សីរវាងកូន និងពុកដែរ»។ 51ឡាបាន់និយាយទៅយ៉ាកកូបថា៖ «មើលនែ៎ គំនរថ្ម និងបង្គោលនេះ ដែលពុកបានដាក់នៅចន្លោះកូន និងពុក។ 52គំនរថ្ម និងបង្គោលជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងបង្គោលតាមរករឿងធ្វើបាបពុកដែរ។ 53សូមអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម និងអុលឡោះជាម្ចាស់របស់ណាឃរ គឺអុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ពួកគាត់ ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ យ៉ាកកូបក៏បានស្បថដោយយកអុលឡោះដែលអ៊ីសាហាក់ ជាឪពុករបស់គាត់គោរពកោតខ្លាច ធ្វើជាប្រធាន។
54យ៉ាកកូបបានធ្វើគូរបានជូនអុលឡោះនៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់គាត់មកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។ 55ឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុស កូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក ឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។
ទើបបានជ្រើសរើសហើយ៖
កំណើតពិភពលោក 31: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.