កំណើត​ពិភព​លោក 31

31
1យ៉ាកកូប​បាន​ឮ​កូន​របស់​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកកូប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។ 2យ៉ាកកូប​សង្កេត​ឃើញ​ថា ឡាបាន់​មិន​សូវ​រាប់​រក​គាត់​ដូច​មុន​ទៀត​ឡើយ។ 3អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​មក​យ៉ាកកូប​ថា៖ «ចូរ​វិល​ទៅ​ស្រុក​ដូន​តា​របស់​អ្នក ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា​មួយ​អ្នក»។ 4យ៉ាកកូប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​រ៉ាជែល និង​លេអា មក​ឯ​ហ្វូង​សត្វ​នៅ​តាម​ទី​វាល។ 5គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​អូន​មិន​សូវ​រាប់​រក​បង ដូច​មុន​ទៀត​ហើយ។ ក៏​ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​បង​បាន​នៅ​ជា​មួយ​បង។ 6អូន​ទាំង​ពីរ​ដឹង​ស្រាប់​ហើយ​ថា បង​បាន​នៅ​បម្រើ​ឪពុក​របស់​អូន​យ៉ាង​អស់​ពី​ចិត្ត 7តែ​ឪពុក​របស់​អូនបាន​កេង​ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ អុលឡោះ​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។ 8ប្រសិន​បើ​ឪពុក​របស់​អូន​ពោល​មក​បង​ថា “សត្វ​ដែល​មាន​សម្បុរ​ពពាល នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​សុទ្ធ​តែ​ពពាល ហើយ​បើ​គាត់​ពោល​ថា “សត្វ​ដែល​មាន​សម្បុរ​ឆ្នូតៗ​នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​មក​សុទ្ធ​តែ​ឆ្នូតៗ​ដែរ។ 9អុលឡោះ​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​អូន​ហើយ​ប្រគល់​មក​ឲ្យ​បង។ 10នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ​ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ 11ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកកូប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។ 12ម៉ាឡា‌អ៊ីកាត់​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ 13យើង​ជា​ម្ចាស់​នៅ​បេតអែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​ថ្ម​មួយ ថែម​ទាំង​បាន​ទូរអា​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង​ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។
14រ៉ាជែល និង​លេអា ពោល​ទៅ​យ៉ាកកូប​វិញ​ថា៖ «ឪពុក​យើង​មិន​ឲ្យ​យើង​មាន​ចំណែក​មត៌ក​អ្វី នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់​ទៀត​ទេ។ 15គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត! 16ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​អុលឡោះ​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​ប្រាប់​បង​ទៅ»។
17យ៉ាកកូប​ក្រោក​ឡើង នាំ​កូន និង​ប្រពន្ធ​ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។ 18គាត់​នាំ​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​គាត់​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​អ៊ីសា‌ហាក់ ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។ 19ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។ 20រីឯ​យ៉ាកកូប​វិញ គាត់​បាន​លួច​រត់​ចេញ​ពី​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ 21គាត់​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ទៅ​ជា​មួយ​ផង។ គាត់​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។
សន្ធិសញ្ញា​រវាង​ឡាបាន់ និង​យ៉ាកកូប
22នៅ​ថ្ងៃ​ទី​បី មាន​គេ​មក​ជម្រាប​ឡាបាន់​ថា យ៉ាកកូប​រត់​បាត់​ទៅ​ហើយ។ 23គាត់​ក៏​នាំ​បង‌ប្អូន​ដេញ​តាម​យ៉ាកកូប។ គាត់​ដើរ​ផ្លូវ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ទើប​ទៅ​ទាន់​យ៉ាកកូប នៅ​តំបន់​ភ្នំ​កាឡាដ។ 24ក៏​ប៉ុន្តែ អុលឡោះ​មក​ឲ្យ​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ឃើញ​ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី»។
25ឡាបាន់​បាន​តាម​យ៉ាកកូប​ទាន់។ យ៉ាកកូប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​ឡាបាន់​វិញ គាត់​ក៏​បោះ​ជំរំ​ជា​មួយ​បង‌ប្អូន​គាត់ នៅ​លើ​ភ្នំ​កាឡាដ​ដែរ។ 26ឡាបាន់​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «ម្តេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​ពី​ពុក ហើយ​នាំ​កូន​ស្រី​ទាំង​ពីរ​របស់​ពុក​មក ដូច​ជា​ឈ្លើយ​សឹក​យ៉ាង​ហ្នឹង? 27ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។ 28កូន​មិន​បាន​ទុក​ឲ្យ​ពុក ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងី​ល្ងើ​មែន។ 29ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ម្ចាស់​នៃ​ដូន​តា​របស់​ឯង​រាល់​គ្នា មាន​បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី”។ 30ឥឡូវ​នេះ បើ​ថា​កូន​រត់​ចេញ​មក ព្រោះ​តែ​នឹក​ញាតិ​សន្តាន​ឪពុក​របស់​កូន​នោះ មិន​អី​ទេ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»។
31យ៉ាកកូប​ឆ្លើយ​ទៅ​ឡាបាន់​វិញ​ថា៖ «ខ្ញុំ​ធ្វើ​ដូច្នេះ មក​ពី​ភ័យ​ពេក ខ្លាច​ក្រែង​លោក​ឪពុក​ដណ្តើម​យក​កូន​ស្រី​របស់​លោក​ឪពុក​ពី​ខ្ញុំ។ 32ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង‌ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ យ៉ាកកូប​ពុំ​ដឹង​ថា រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។ 33ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​យ៉ាកកូប ជំរំ​របស់​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​រ៉ាជែល។ 34រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។ 35រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ឪពុក​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។ 36យ៉ាកកូប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​ឡាបាន់។ គាត់​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ? 37ពេល​លោក​ឪពុក​ឆែក​ឆេរ​មើល​ឥវ៉ាន់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ តើ​លោក​ឪពុក​ឃើញ​មាន​អ្វី​ខ្លះ ដែល​ជា​របស់​ក្រុម​គ្រួសារ​លោក​ឪពុក? សូម​បង្ហាញ​ឲ្យ​បង‌ប្អូន​របស់​ខ្ញុំ និង​បង‌ប្អូន​លោក​ឪពុក​បាន​ឃើញ​នៅ​ទី​នេះ​ផង ដើម្បី​ឲ្យ​គេ​ជួយ​អារ​កាត់​រឿង​យើង​ទាំង​ពីរ។ 38ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។ 39ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែង​តែ​សង​ជា​និច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្តី ឬ​យប់​ក្តី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។ 40ខ្ញុំ​ទ្រាំ​ទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជា​និច្ច គឺ​ត្រូវ​រង​កំដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។ 41ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។ 42ប្រសិន​បើ​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​អ៊ីសា‌ហាក់​គោរព​កោត​ខ្លាច មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់​មិញ ទ្រង់​កាន់​ខាង​ខ្ញុំ»។ 43ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកកូប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម​ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។ 44ដូច្នេះ ឥឡូវ​នេះ ដល់​ពេល​ដែល​យើង​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា ហើយ​សូម​ឲ្យ​មាន​សាក្សី​ដឹង​ឮ​ផង!»។ 45យ៉ាកកូប​បាន​យក​ដុំ​ថ្ម​មួយ មក​បញ្ឈរ​ធ្វើ​ជា​បង្គោល។ 46យ៉ាកកូប​ប្រាប់​បង‌ប្អូន​របស់​គាត់​ថា៖ «សុំ​រើស​ថ្ម​មក!»។ គេ​ក៏​រើស​ថ្ម​មក​គរ​ជា​គំនរ​មួយ ហើយ​នាំ​គ្នា​បរិភោគ នៅ​លើ​គំនរ​ថ្ម​នោះ។ 47ឡាបាន់​ហៅ​កន្លែង​នោះ​ថា «យេការ-សាហាឌូថា» តែ​យ៉ាកកូប​ហៅ​កន្លែង​នោះ​ថា «កាឡេឌ»វិញ។ 48ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ​ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។ 49គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គំនរ​ថ្ម​នោះ​ថា «មីសប៉ា»ដែរ ព្រោះ​ឡាបាន់​ពោល​ថា «សូមអុលឡោះ‌តាអាឡា​តាម​ឃ្លាំ​មើល​កូន និង​ពុក​នៅ​ពេល​ដែល​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ទៅ។ 50ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្តី ក៏​មាន​អុលឡោះ​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។ 51ឡាបាន់​និយាយ​ទៅ​យ៉ាកកូប​ថា៖ «មើល​នែ៎ គំនរ​ថ្ម និង​បង្គោល​នេះ ដែល​ពុក​បាន​ដាក់​នៅ​ចន្លោះ​កូន និង​ពុក។ 52គំនរ​ថ្ម និង​បង្គោល​ជា​សាក្សី​បញ្ជាក់​ថា ពុក​នឹង​មិន​រំលង​គំនរ​ថ្ម​នេះ​ទេ ហើយ​កូន​ក៏​នឹង​មិន​រំលង​គំនរ​ថ្ម និង​បង្គោល​តាម​រក​រឿង​ធ្វើ​បាប​ពុក​ដែរ។ 53សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។
54យ៉ាកកូប​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង‌ប្អូន​របស់​គាត់​មក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។ 55ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 31: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល