កំណើត​ពិភព​លោក 26

26
អ៊ីសា‌ហាក់ និង​ស្តេច​អប៊ីម៉ាឡិច
1នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​អ៊ីព្រហ៊ីម។ អ៊ីសា‌ហាក់​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​អប៊ីម៉ា‌ឡិច ជា​ស្តេច​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន។ 2អុលឡោះ‌តាអាឡា​បាន​មក​ជួប​គាត់ ហើយ​មាន​បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។ 3ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​អ្នក។ 4យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក 5ដ្បិត​អ៊ីព្រហ៊ីម​បាន​ស្តាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ​បញ្ជា តាម​ក្បួន និង​តាម​ហ៊ូកុំ​របស់​យើង»។ 6អ៊ីសា‌ហាក់​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។ 7ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​គាត់ អំពី​ភរិយា​របស់​គាត់ គាត់​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ គាត់​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​គាត់​ឡើយ ព្រោះ​គាត់​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​គាត់ ដ្បិត​រ៉ហ្វ៊ីកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ 8គាត់​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ អប៊ីម៉ា‌ឡិច ជា​ស្តេច​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ក្រឡេក​មើល​តាម​បង្អួច ឃើញ​អ៊ីសា‌ហាក់​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​រ៉ហ្វ៊ីកា ជា​ភរិយា​របស់​គាត់។ 9ស្តេច​អប៊ីម៉ា‌ឡិច​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​អ៊ីសា‌ហាក់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «នាង​ជា​ភរិយា​របស់​អ្នក​ទេ​តើ! ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ អ៊ីសា‌ហាក់​ឆ្លើយ​ថា៖ «ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ខ្ញុំ»។ 10ស្តេច​អប៊ីម៉ា‌ឡិច​សួរ​ទៅ​គាត់​ថា៖ «ម្តេច​ក៏​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​អ្នក នោះ​អ្នក​មុខ​ជា​បណ្តាល​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​មិន​ខាន»។ 11ស្តេច​អប៊ីម៉ា‌ឡិច​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល​ដូច​តទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ​ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។
អ៊ីសា‌ហាក់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ស្តេច​អប៊ីម៉ាឡិច
12អ៊ីសា‌ហាក់​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​គាត់។ 13គាត់​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។ 14គាត់​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលី‌ស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​គាត់ 15ហើយ​យក​ដី​មក​លុប​បំពេញ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​គាត់​បាន​ជីក កាល​ពី​ជំនាន់​អ៊ីព្រហ៊ីម​នៅ​រស់​នៅ​ឡើយ។ 16ស្តេច​អប៊ីម៉ា‌ឡិច​មាន​ប្រសាសន៍​មក​អ៊ីសា‌ហាក់​ថា៖ «សូម​អ្នក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​អ្នក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​ជាង​យើង​ណាស់»។
17អ៊ីសា‌ហាក់​ក៏​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​កេរ៉ា ហើយ​ស្នាក់​នៅ​ទី​នោះ​ទៅ។ 18អ៊ីសា‌ហាក់​ឲ្យ​គេ​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​អ៊ីព្រហ៊ីម ជា​ឪពុក​គាត់ ហើយ​ត្រូវ​ពួក​ភីលី‌ស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​អ៊ីព្រហ៊ីម​ស្លាប់។ គាត់​ដាក់​ឈ្មោះ​អណ្តូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​គាត់​បាន​ដាក់​ឲ្យ​កាល​ពី​មុន។ 19ពួក​អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់ ជីក​អណ្តូង​មួយ​ទៀត​នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។ 20ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា រក​រឿង​នឹង​ពួក​គង្វាល​របស់​អ៊ីសា‌ហាក់ ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ អ៊ីសា‌ហាក់​ក៏​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​គាត់។ 21ពួក​អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់ នាំ​គ្នា​ជីក​អណ្តូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្តង​ទៀត ដូច្នេះ គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “ស៊ីតណា”។ 22គាត់​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្តូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “រេហូបូត” ដ្បិត​គាត់​ពោល​ថា «ឥឡូវ​នេះអុលឡោះ‌តាអាឡា​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចំរុង​ចំរើន​ក្នុង​ស្រុក​នេះ»។
23គាត់​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរ‌សេបា។ 24នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។ 25អ៊ីសា‌ហាក់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​អុលឡោះ ដោយ​ហៅ​នាម​ថាអុលឡោះ‌តាអាឡា។ គាត់​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​គាត់​ក៏​នាំ​គ្នា​ជីក​អណ្តូង​ទឹក​នៅ​ទី​នោះ​ដែរ។
26ស្តេច​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា មក​ជួប​អ៊ីសា‌ហាក់ ដោយ​មាន​អហ៊ូ‌សាត ជា​ទី​ប្រឹក្សា​របស់​ស្តេច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្តេច​មក​ជា​មួយ​ផង។ 27អ៊ីសា‌ហាក់​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច និង​អស់​លោក​អញ្ជើញ​មក​ជួប​ខ្ញុំ​ដូច្នេះ ដ្បិត​ស្តេច និង​អស់​លោក​ស្អប់​ខ្ញុំ ព្រម​ទាំង​បណ្តេញ​ខ្ញុំ​ចេញ​ពី​ស្រុក​របស់​ស្តេច និង​អស់​លោក​ថែម​ទៀត​ផង!»។ 28ស្តេច​អប៊ីម៉ា‌ឡិច និង​អស់​លោក​ដែល​មក​ជា​មួយ​ស្តេច តប​ទៅ​គាត់​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​នៅ​ជា​មួយ​អ្នក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ 29រីឯ​ល័ក្ខ‌ខ័ណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​អ្នក​ស្បថ​នឹង​យើង​ថា អ្នក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​អ្នក​ដែរ។ យើង​តែង​តែ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក និង​ឲ្យ​អ្នក​ចាក​ចេញ​មក​ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ អ្នក​ក៏​បាន​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា​ថែម​ទៀត​ផង»។
30អ៊ីសា‌ហាក់​ធ្វើ​ពិធី​ជប់​លៀង​ជូន​ស្តេច និង​ជូន​អ្នក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។ 31បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីសា‌ហាក់​ជូន​ដំណើរ​ស្តេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។
32នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់​នាំ​គ្នា​មក​ជម្រាប​គាត់ អំពី​អណ្តូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។ 33អ៊ីសា‌ហាក់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។
34ពេល​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ គាត់​រៀប​ការ​ជា​មួយ​យូឌីត ជា​កូន​របស់​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀប​ការ​ជា​មួយ​នឹង​បាសម៉ាត់ ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត។ 35នាង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​អ៊ីសា‌ហាក់ និង​រ៉ហ្វ៊ីកា​ពិបាក​ចិត្ត​ជា​ខ្លាំង។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 26: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល