ណាពីអេសេគាល 5
5
អុលឡោះដាក់ទោសអ៊ីស្រអែល
1«កូនមនុស្សអើយ ចូរយកដាវមួយយ៉ាងមុត មកធ្វើកាំបិតកោរ ហើយកោរសក់ និងកោរពុកមាត់ ពុកចង្ការបស់អ្នក រួចយកជញ្ជីងមកថ្លឹង បែងចែកជាច្រើនចំណែក។ 2ចូរយកមួយភាគបីទៅដុតកណ្ដាលទីក្រុង នៅពេលផុតកំណត់ថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធទីក្រុងនោះ ចូរយកមួយភាគបីទៀតទៅកាប់នឹងដាវជុំវិញទីក្រុង ហើយបាចមួយភាគបីឲ្យប៉ើងទៅតាមខ្យល់។ យើងនឹងយកដាវដេញវាយពីក្រោយ។ 3ត្រូវយកមួយចំនួនតូចមកចងនឹងជាយសម្លៀកបំពាក់របស់អ្នក។ 4បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជពង្សអ៊ីស្រអែលទាំងមូល»។
5 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។ 6ប៉ុន្តែ អ្នកក្រុងយេរូសាឡឹមបានបះបោរប្រឆាំងនឹងវិន័យ និងហ៊ូកុំរបស់យើង គឺពួកគេអាក្រក់ជាងប្រជាជាតិ និងនគរទាំងប៉ុន្មានដែលនៅជុំវិញទៅទៀត ដ្បិតពួកគេបានបោះបង់ចោលវិន័យរបស់យើង ហើយមិនកាន់តាមហ៊ូកុំរបស់យើងទេ»។ 7ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមហ៊ូកុំ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។ 8ហេតុនេះហើយបានជាយើងដែលជាអុលឡោះតាអាឡាជាម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។ 9យើងនឹងធ្វើទោសអ្នក ព្រោះអ្នកបានគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន យើងនឹងដាក់ទោសអ្នក តាមរបៀប ដែលយើងមិនធ្លាប់ប្រើពីមុន ហើយជារបៀបដែលយើងមិនប្រើនៅពេលខាងមុខទៀតដែរ 10គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកំចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។ 11អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងជាម្ចាស់ដែលនៅអស់កល្ប! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ 12ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកំចាត់កំចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
13យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡាដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។ 14យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាគំនរបាក់បែក បាត់បង់កិត្តិយសក្នុងចំណោមប្រជាជាតិដែលនៅជុំវិញ និងអស់អ្នកដែលដើរកាត់តាមនេះ។ 15ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាអុលឡោះតាអាឡា យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។
16យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្ដាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។ 17យើងនឹងចាត់ទុរ្ភិក្ស ព្រមទាំងសត្វសាហាវ ទៅប្រហារកូនចៅរបស់ពួកគេ។ ជំងឺរាតត្បាត ការបង្ហូរឈាម សង្គ្រាមនឹងកើតមានដល់ក្រុងនេះ។ យើងជាអុលឡោះតាអាឡា យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.