ណាពីអេសេគាល 46
46
ថ្ងៃឈប់សម្រាក បុណ្យចូលខែថ្មី និងពិធីផ្សេងៗ
1 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មី។ 2មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកអ៊ីមុាំ ដើម្បីជូនគូរបានដុត និងគូរបាននៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។ 3នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅមុខខ្លោងទ្វារនេះ។
4មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកជូនអុលឡោះតាអាឡា ជាគូរបានដុត។ 5ត្រូវជូនម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។ 6នៅថ្ងៃបុណ្យចូលខែថ្មី មេដឹកនាំត្រូវជូនគោស្ទាវឈ្មោលមួយក្បាល កូនចៀមប្រាំមួយក្បាល និងចៀមឈ្មោលមួយក្បាលដែលសុទ្ធតែល្អឥតខ្ចោះ។ 7ត្រូវយកម្សៅមួយថាំងមកជូនជាមួយគោ នោះមួយថាំងទៀតជូនជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
8មេដឹកនាំចូលតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារ រួចចេញទៅវិញតាមច្រកដដែល។ 9ពេលប្រជាជននាំគ្នាមកថ្វាយបង្គំអុលឡោះតាអាឡាក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។ 10ពេលប្រជាជនចូលមេដឹកនាំក៏ចូលមកជាមួយ ហើយពេលពួកគេចេញទៅវិញ គាត់ក៏ត្រូវចេញទៅវិញជាមួយដែរ។
11នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវជូនជំនូនម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបានត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។ 12ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកគូរបានដុត ឬគូរបានមេត្រីភាពពិសេសមកជូនអុលឡោះតាអាឡា គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ជូនគូរបានដុត និងគូរបានមេត្រីភាពដូចគាត់ធ្លាប់ជូននៅថ្ងៃឈប់សម្រាកដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។
13រៀងរាល់ថ្ងៃអ្នកត្រូវជូនកូនចៀមដ៏ល្អឥតខ្ចោះមួយក្បាលអាយុមួយខួប ជាគូរបានដុតដល់អុលឡោះតាអាឡា។ អ្នកត្រូវជូនកូនចៀមនេះរៀងរាល់ព្រឹក។ 14ចូរយកជំនូនម្សៅប្រាំគីឡូក្រាម និងប្រេងពីរលីត្រមកលាយគ្នាជូនជាជំនូនដល់អុលឡោះតាអាឡា ជាមួយគូរបានដុតនោះដែរ។ ត្រូវធ្វើតាមវិន័យដែលមានចែងទុកនេះរហូតតទៅ។ 15រាល់ព្រឹកត្រូវជូនកូនចៀម ជំនូនម្សៅ និងប្រេង ជាគូរបានដុត រហូតតរៀងទៅ»។
16 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើមេដឹកនាំចែកដីមួយកន្លែង ជាអំណោយដល់កូនរបស់ខ្លួន អំណោយនោះត្រូវចាត់ទុកជាចំណែកមត៌ក ជាកេរអាករ ដែលកូននោះអាចចែកតកូនចៅរបស់ខ្លួន។ 17ក៏ប៉ុន្តែ ប្រសិនបើគាត់យកដីដែលជាមត៌ករបស់ខ្លួន ប្រគល់ជាអំណោយដល់អ្នកបម្រើ ដីនោះនៅជាកម្មសិទ្ធិរបស់អ្នកបម្រើ រហូតដល់ឆ្នាំដែលគេបានរួចទៅជាអ្នកជា បន្ទាប់មក ត្រូវបង្វិលដីនោះមកមេដឹកនាំវិញ ដ្បិតមានតែកូនរបស់គាត់ទេដែលមានសិទ្ធិទទួលដីនោះជាកេរមត៌ក។ 18មេដឹកនាំមិនត្រូវប៉ះពាល់ដីធ្លីរបស់ប្រជាជនទេ គឺមិនត្រូវរឹបអូសយកដីរបស់ពួកគេឡើយ។ មេដឹកនាំត្រូវយកដីរបស់ខ្លួនផ្ទាល់ ចែកជាកេរមត៌កដល់កូនៗរបស់ខ្លួន ដើម្បីកុំឲ្យមាននរណាម្នាក់ ក្នុងចំណោមប្រជាជន បាត់បង់ដីធ្លីរបស់ខ្លួន»។
19បន្ទាប់មក បុរសនោះនាំខ្ញុំចូលតាមច្រកមួយនៅក្បែរខ្លោងទ្វារ ក្នុងបន្ទប់ដ៏សក្ការៈដែលបម្រុងទុកសម្រាប់ពួកអ៊ីមុាំ គឺបន្ទប់ដែលបែរមុខទៅរកទិសខាងជើង។ ខ្ញុំឃើញកន្លែងមួយនៅកៀនខាងក្នុង គឺនៅខាងលិច។ 20គាត់មានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងពួកអ៊ីមុាំស្ងោរសាច់ ដែលគេយកមកធ្វើជាគូរបានសុំលើកលែងទោស និងគូរបានរំដោះបាប។ គេក៏ចំអិនជំនូនម្សៅនៅទីនេះដែរ ដើម្បីចៀសវាងសែងទៅខាងក្រៅ ក្រែងលោប្រជាជនប៉ះពាល់របស់សក្ការៈ»។ 21គាត់នាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរកាត់ជ្រុងទាំងបួននៃទីលាន។ តាមជ្រុងនីមួយៗនៃទីលាននោះ មានទីធ្លាមួយ។ 22ទីធ្លាទាំងបួនមានទំហំតូចប៉ុនៗគ្នា គឺបណ្ដោយសែសិបហត្ថ និងទទឹងសាមសិបហត្ថ។ 23មានរបងមួយព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានកន្លែងធ្វើម្ហូប នៅជាប់នឹងរបងដែលព័ទ្ធជុំវិញនោះផង។ 24បុរសនោះមានប្រសាសន៍មកខ្ញុំថា៖ «នេះជាកន្លែងដែលពួកជំនួយការក្នុងដំណាក់ចំអិនសាច់ ដែលប្រជាជនយកមកធ្វើជាគូរបាន»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 46: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.