ណាពីអេសេគាល 31
31
ប្រស្នាអំពីដើមតាត្រៅដែលគេកាប់
1នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរប្រាប់ហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា:
តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?
3អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់
ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។
ដើមតាត្រៅនោះលូតឡើង
ចុងវាខ្ពស់កប់ពពក។
4ទឹកទន្លេធ្វើឲ្យវាដុះធំឡើង
ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់
ហើយហូរជុំវិញដើមនោះ
រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព
ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។
5ដើមតាត្រៅនោះលូតឡើងខ្ពស់
លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ
បែកមែកសាខា ហើយលាតសន្ធឹង
ព្រោះឫសវាសម្បូណ៌ទឹក។
6បក្សាបក្សីនាំគ្នាមកធ្វើសំបុក
នៅតាមមែករបស់វា
រីឯសត្វព្រៃទាំងប៉ុន្មាន
ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា
ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម
ម្លប់របស់វាដែរ។
7ដើមតាត្រៅនោះល្អណាស់
ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង
ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។
8ដើមតាត្រៅនៅក្នុងឧទ្យានរបស់អុលឡោះ
មិនអាចប្រៀបផ្ទឹមនឹងវាបានទេ
រីឯដើមគគីរ ឬដើមកកោះ
ក៏មិនអាចផ្ទឹមស្មើនឹងវាបានដែរ
គ្មានដើមឈើណាក្នុងឧទ្យានរបស់អុលឡោះ
ល្អដូចដើមតាត្រៅនេះឡើយ។
9យើងបានតុបតែងវាឲ្យមានមែកជាច្រើន
ដើមឈើទាំងប៉ុន្មាននៅអេដែន
ដែលជាឧទ្យានរបស់អុលឡោះ
នាំគ្នាច្រណែននឹងវា។
10យើងជាអុលឡោះតាអាឡាជាម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកំពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។ 11ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ 12ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយ នៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។ 13សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។ 14ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។
15 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅនរ៉កា យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកំរើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។ 16យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅនរ៉កាជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។ 17ដើមឈើទាំងនោះក៏ចុះទៅនរ៉កាជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។
18ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី អ្នកក៏នឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចហ្វៀរ៉អ៊ូន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 31: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.