ណាពីអេសេគាល 25
25
បន្ទូលរបស់អុលឡោះស្ដីអំពីប្រជាជាតិនានា
បន្ទូលរបស់អុលឡោះប្រឆាំងនឹងជនជាតិអាំម៉ូន
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរបែរមុខទៅរកជនជាតិអាំម៉ូន ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងពួកគេ។ 3ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ 4យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់កុលសម្ព័ន្ធដែលមកពីទិសខាងកើត។ ពួកគេនឹងនាំគ្នាបោះជំរំ តាំងទីលំនៅលើទឹកដីរបស់អ្នក ពួកគេនឹងបរិភោគផ្លែឈើដែលអ្នកបានដាំ ហើយផឹកទឹកដោះពីហ្វូងសត្វរបស់អ្នក។ 5យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។ 6អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រអែលហិនហោច ហើយមើលងាយពួកគេទៀតផង 7យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកំទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងជនជាតិម៉ូអាប់
8 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!” 9យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។ 10កុលសម្ព័ន្ធពីទិសខាងកើត ដែលបានវាយជនជាតិអាំម៉ូន ក៏មករឹបអូសយកស្រុកនេះដែរ។ យើងនឹងប្រគល់ស្រុកនេះឲ្យពួកគេកាន់កាប់ រហូតដល់លែងមាននរណានឹកនាដល់ជនជាតិនេះ ក្នុងចំណោមប្រជាជាតិទាំងឡាយទៀត។ 11យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងជនជាតិអេដុម
12 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។ 13ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រហារស្រុកអេដុម យើងនឹងដកជីវិតពួកគេ ទាំងមនុស្ស ទាំងសត្វ យើងនឹងបំផ្លាញស្រុកគេតាំងពីថេម៉ាន រហូតដល់ដេដាន់ ពួកគេនឹងស្លាប់ដោយមុខដាវ។ 14យើងនឹងសងសឹកស្រុកអេដុម ដោយដៃអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ពួកគេនឹងប្រព្រឹត្តចំពោះជនជាតិអេដុម តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ ពេលនោះ អេដុមនឹងទទួលស្គាល់ថា ការប្រព្រឹត្តល្មើសចំពោះយើងត្រូវទទួលទោសយ៉ាងណា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងជនជាតិភីលីស្ទីន
15 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ 16«យើងនឹងប្រហារស្រុកភីលីស្ទីន យើងនឹងដកជីវិតពួកកេរេធីម យើងនឹងលុបបំបាត់ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ។ 17យើងនឹងសងសឹកពួកគេ តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ នៅពេលយើងសងសឹកនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 25: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.