ណាពី​ដានី‌យ៉ែល 9

9
ពាក្យ​ទូរអា​របស់​ណាពី​ដានី‌យ៉ែល
1នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស ជា​បុត្រ​របស់​ស្តេច​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តែង‌តាំង​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ 2គឺ​ឆ្នាំ​ទី​មួយ​ដែល​ស្តេច​ឡើង​គ្រង​រាជ្យ ខ្ញុំ ដានី‌យ៉ែល បាន​អាន​គីតាប ហើយ​យល់​អត្ថ‌ន័យ​នៃ​ចំនួន​ឆ្នាំ​ដែលអុលឡោះ‌តាអាឡាមាន​បន្ទូល​ទុក​តាម​រយៈ​ណាពី​យេរេមា ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិត‌សិប​ឆ្នាំ។ 3ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​អុលឡោះ​ជា​ម្ចាស់ ដើម្បី​ទូរអា​ទទូច​អង្វរ​ទ្រង់ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។ 4ខ្ញុំ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ទ្រង់​ដូច​ត​ទៅ:
“អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ទ្រង់! 5យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ទ្រង់។ 6យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​បាន​ថ្លែង​បន្ទូល​ក្នុង​នាម​ទ្រង់​ជូន​ស្ដេច ប្រាប់​នាម៉ឺន បុព្វ‌បុរស និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។ 7អុលឡោះ‌តាអាឡា​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ទ្រង់​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់។ 8អុលឡោះ‌តាអាឡា​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វ‌បុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។ 9អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ តែ​ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច។ 10យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សំឡេង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់​ឡើយ។ 11ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​បាន​បំពាន​លើ​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ងាក​ចេញ ពុំ​ព្រម​ស្ដាប់​សំឡេង​របស់​ទ្រង់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​ទ្រង់ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ទ្រង់។ 12ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​បន្ទូល​របស់​ទ្រង់ គឺ​ទ្រង់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។ 13ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា តែ​យើង​ខ្ញុំ​ពុំ​បាន​ទូរអា‌អង្វរ​សុំ​សេចក្ដី​សន្ដោស​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។ 14អុលឡោះ‌តាអាឡា​មិន​រា‌រែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិតអុលឡោះ‌តាអាឡាជា​ម្ចាស់នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​បន្ទូល​របស់​ទ្រង់​ឡើយ។ 15ឥឡូវ​នេះ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​អំណាច​របស់​ទ្រង់ ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ទ្រង់​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​ទោស។ 16ឱ​អុលឡោះ‌តាអាឡា​អើយ អ្វីៗ​ដែល​ទ្រង់​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។ 17ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​ទ្រង់​ផង។ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​សំដែង​ចិត្ត​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ទ្រង់ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។ 18ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​ក្រុង​បាក់​បែក ដែល​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ទ្រង់ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ចិត្ត​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ទ្រង់។ 19អុលឡោះ​ជា​អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! អុលឡោះ​ជា​អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! អុលឡោះ​ជា​អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ទ្រង់”។
ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល​ពន្យល់​ទំនាយ
20ខ្ញុំ​បាន​រៀប​រាប់​ទូរអា‌អង្វរ​ទ្រង់​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។ 21ពេល​ខ្ញុំ​កំពុង​តែ​ទូរអា​នៅ​ឡើយ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ជូន​ជំនូន​វេលា​ល្ងាច។ 22គាត់​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែ‌នាំ​អ្នក​ឲ្យ​បាន​យល់។ 23នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ទូរអា‌អង្វរ​អុលឡោះ ទ្រង់​ក៏​មាន​បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​អ្នក ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់។ សូម​ពិចារណា​បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។
24ទ្រង់​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​អ្នក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ណាពី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ជូន​អុលឡោះ។ 25ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​អុលឡោះ​មាន​បន្ទូល ស្ដី​អំពី​ការ​រៀប‌ចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​អាល់‌ម៉ាស្សៀស​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។ 26លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ អាល់ម៉ា‌ហ្សៀស នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​គាត់​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​នាក់​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទី‌សក្ការៈ។ ចុង​បញ្ចប់​នៃ​ព្រឹត្តិ‌ការណ៍​នោះ​ប្រៀប​បាន​នឹង​ទឹក​ជំនន់ ហើយ​គេ​សម្រេច​ថា​នឹង​បន្ត​បំផ្លិច‌បំផ្លាញ រហូត​ទាល់​តែ​ចប់​សង្គ្រាម។ 27ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន​ចុះ​សន្ធិ‌សញ្ញា​យ៉ាង​តឹង‌រ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ធ្វើ​គូរបាន ឬ​ជូន​ជំនូន​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្ត‌រាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។

ទើបបានជ្រើសរើសហើយ៖

ណាពី​ដានី‌យ៉ែល 9: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល