ណាពីដានីយ៉ែល 9
9
ពាក្យទូរអារបស់ណាពីដានីយ៉ែល
1នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយូស ជាបុត្ររបស់ស្តេចអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតែងតាំងជាស្ដេចរបស់រាជាណាចក្រខាល់ដេ 2គឺឆ្នាំទីមួយដែលស្តេចឡើងគ្រងរាជ្យ ខ្ញុំ ដានីយ៉ែល បានអានគីតាប ហើយយល់អត្ថន័យនៃចំនួនឆ្នាំដែលអុលឡោះតាអាឡាមានបន្ទូលទុកតាមរយៈណាពីយេរេមា ស្ដីអំពីក្រុងយេរូសាឡឹមដែលត្រូវខូចបង់នោះ គឺចិតសិបឆ្នាំ។ 3ខ្ញុំក៏បែរមុខទៅរកអុលឡោះជាម្ចាស់ ដើម្បីទូរអាទទូចអង្វរទ្រង់ ដោយតមអាហារ និងកាន់ទុក្ខ។ 4ខ្ញុំទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ហើយសារភាពចំពោះទ្រង់ដូចតទៅ:
“អុលឡោះតាអាឡាអើយ! ទ្រង់ជាម្ចាស់ដ៏ឧត្ដមគួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រីរបស់ទ្រង់ ហើយមានចិត្តមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់! 5យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីបទបញ្ជា និងវិន័យរបស់ទ្រង់។ 6យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ពួកណាពី ជាអ្នកបម្រើរបស់ទ្រង់ ដែលបានថ្លែងបន្ទូលក្នុងនាមទ្រង់ជូនស្ដេច ប្រាប់នាម៉ឺន បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ 7អុលឡោះតាអាឡាអើយ! មានតែទ្រង់ទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលទ្រង់បណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះទ្រង់។ 8អុលឡោះតាអាឡាអើយ! យើងខ្ញុំទាំងអស់គ្នា ទាំងស្ដេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខ ព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ 9អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងទ្រង់ តែទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។ 10យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់សំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលទ្រង់ប្រទានមកយើងខ្ញុំ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់ទ្រង់ឡើយ។ 11ជនជាតិអ៊ីស្រអែលទាំងមូលបានបំពានលើហ៊ូកុំរបស់ទ្រង់ ហើយងាកចេញ ពុំព្រមស្ដាប់សំឡេងរបស់ទ្រង់ទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើទ្រង់ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងទ្រង់។ 12ទ្រង់បានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមបន្ទូលរបស់ទ្រង់ គឺទ្រង់ធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។ 13ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា តែយើងខ្ញុំពុំបានទូរអាអង្វរសុំសេចក្ដីសន្ដោសពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។ 14អុលឡោះតាអាឡាមិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់បន្ទូលរបស់ទ្រង់ឡើយ។ 15ឥឡូវនេះ ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញពីស្រុកអេស៊ីបដោយអំណាចរបស់ទ្រង់ ហើយទ្រង់បានធ្វើឲ្យកិត្តិនាមរបស់ទ្រង់ល្បីរន្ទឺដូចសព្វថ្ងៃ តែយើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយមានទោស។ 16ឱអុលឡោះតាអាឡាអើយ អ្វីៗដែលទ្រង់ធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះ សូមបំបែរកំហឹងដ៏ខ្លាំងរបស់ទ្រង់ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ទ្រង់ទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ត្ររបស់ទ្រង់ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។ 17ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ស្តាប់ពាក្យទូរអា និងពាក្យសូមអង្វររបស់ខ្ញុំដែលជាអ្នកបម្រើទ្រង់ផង។ ដោយយល់ដល់នាមទ្រង់ សូមសំដែងចិត្តប្រណីមេត្តាចំពោះទីសក្ការៈរបស់ទ្រង់ ដែលត្រូវគេបំផ្លាញនេះផង។ 18ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ សូមមើលក្រុងបាក់បែក ដែលជាកម្មសិទ្ធិរបស់ទ្រង់នេះផង! យើងខ្ញុំអង្វរទ្រង់ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើចិត្តអាណិតអាសូរដ៏ធំធេងរបស់ទ្រង់។ 19អុលឡោះជាអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! អុលឡោះជាអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! អុលឡោះជាអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ដោយយល់ដល់នាមរបស់ទ្រង់ សូមមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ទ្រង់”។
ម៉ាឡាអ៊ីកាត់ជីព្រអេលពន្យល់ទំនាយ
20ខ្ញុំបានរៀបរាប់ទូរអាអង្វរទ្រង់តទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រអែល ហើយខ្ញុំក៏បានទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។ 21ពេលខ្ញុំកំពុងតែទូរអានៅឡើយ ស្រាប់តែម៉ាឡាអ៊ីកាត់ជីព្រអេល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលជូនជំនូនវេលាល្ងាច។ 22គាត់មកពន្យល់ប្រាប់ខ្ញុំថា៖ «ដានីយ៉ែលអើយ ខ្ញុំមកពេលនេះ ដើម្បីណែនាំអ្នកឲ្យបានយល់។ 23នៅពេលអ្នកចាប់ផ្ដើមទូរអាអង្វរអុលឡោះ ទ្រង់ក៏មានបន្ទូល ហើយខ្ញុំនាំយកមកជម្រាបអ្នក ដ្បិតទ្រង់ពេញចិត្តនឹងអ្នកខ្លាំងណាស់។ សូមពិចារណាបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យចុះ។
24ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។ 25ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលអុលឡោះមានបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាអាល់ម៉ាស្សៀសមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។ 26លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ អាល់ម៉ាហ្សៀស នឹងត្រូវគេដកជីវិត គ្មាននរណាការពារគាត់ទេ។ ប្រជាជាតិរបស់ស្ដេចមួយនាក់នឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នោះប្រៀបបាននឹងទឹកជំនន់ ហើយគេសម្រេចថានឹងបន្តបំផ្លិចបំផ្លាញ រហូតទាល់តែចប់សង្គ្រាម។ 27ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការធ្វើគូរបាន ឬជូនជំនូនទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
ទើបបានជ្រើសរើសហើយ៖
ណាពីដានីយ៉ែល 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.