ណាពី​អេម៉ុស 7

7
និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ការ​វិនាស​របស់​អ៊ីស្រ‌អែល
1 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: កាល​ណា​គេ​កាត់​ស្មៅ​យក​ទៅ​ជូន​ស្ដេច​រួច​ហើយ ពេល​ស្មៅ​ចាប់​ផ្ដើម​លូត​ឡើង​សា​ជា​ថ្មី ស្រាប់​តែ​មាន​កណ្ដូប​មួយ​ហ្វូង​ហើរ​មក។ 2កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រ‌អែល​តូច​ណាស់ ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។ 3អុលឡោះ‌តាអាឡា​ដូរ​ចិត្ត ហើយ​មាន​បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។
4 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: ទ្រង់​បាន​ប្រើ​ភ្លើង​ដើម្បី​វិនិច្ឆ័យ​ទោស។ ភ្លើង​នោះ​ធ្វើ​ឲ្យ​ទឹក​នៅ​ទី​ជម្រៅ​រីង​ស្ងួត ព្រម​ទាំង​ធ្វើ​ឲ្យ​ស្រុក​អ៊ីស្រ‌អែល​ហួត‌ហែង។ 5ខ្ញុំ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ឈប់​ធ្វើ​ដូច្នេះ​ទៅ នគរ​អ៊ីស្រ‌អែល​តូច​ណាស់​ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។ 6អុលឡោះ‌តាអាឡា​ដូរ​ចិត្ត ហើយ​មាន​បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។
7ទ្រង់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: គឺ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ឈរ​នៅ​លើ​ជញ្ជាំង​មួយ​ស្មើ ទ្រង់​កាន់​ខ្សែ​កូន​តឹង​មួយ។ 8អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ជម្រាប​ថា «ខ្ញុំ​ឃើញ​ខ្សែ​កូន​តឹង»។ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យា‌ស្រ័យ​ឲ្យ​ពួក​គេ​ទៀត​ហើយ។
9កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​ពួក​គេ
នឹង​ត្រូវ​ខ្ទេច‌ខ្ទី
ហើយ​កន្លែង​ដ៏​សក្ការៈ​ផ្សេងៗ​របស់​អ៊ីស្រ‌អែល
ក៏​នឹង​ត្រូវ​វិនាស​ដែរ។
យើង​នឹង​ប្រហារ​ក្រុម​គ្រួសារ
របស់​ស្ដេច​យេរ៉ូ‌បោម ដោយ​មុខ​ដាវ»។
ណាពី​អេម៉ុស​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី‌សក្ការៈ​បេត‌អែល
10ពេល​នោះ លោក​អម៉ា‌ស៊ា ជា​អ៊ីមុាំ​នៅ​បេត‌អែល ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល​ថា៖ «អេម៉ុស​កំពុង​ញុះ‌ញង់​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច។ ស្រុក​យើង​មិន​អាច​ស៊ូ‌ទ្រាំ​នឹង​ពាក្យ​ឃោស‌នា​របស់​គាត់ ត​ទៅ​មុខ​ទៀត​បាន​ឡើយ 11ដ្បិត​គាត់​ពោល​ថា “ស្តេច​យេរ៉ូ‌បោម​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន”»។ 12លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ណាពី​អេម៉ុស​ថា៖ «នែ៎! អ្នក​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។ 13កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទី‌សក្ការៈ​របស់​ស្ដេច និង​ជា​ម៉ាស្ជិទ​ស្តេច»។ 14ណាពី​អេម៉ុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ណាពី ឬ​ជា​សមាជិក​នៃ​ក្រុម​ណាពី​ទេ គឺ​ខ្ញុំ​ជា​អ្នក​ឃ្វាល​គោ និង​ជា​អ្នក​ចម្ការ។ 15ប៉ុន្តែ អុលឡោះ‌តាអាឡា​យក​ខ្ញុំ​ពី​ក្រោយ​ហ្វូង​គោ ហើយ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: “ទៅ! ចូរ​នាំ​ពាក្យ​យើង​ទៅ​ថ្លែង​ប្រាប់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ក្នុង​នាម​យើង”។ 16រីឯ​អ្នក​វិញ អ្នក​ហាម​ខ្ញុំ​មិន​ឲ្យ​ថ្លែង​បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​មិន​ឲ្យ​ខ្ញុំ​ស្ដី​បន្ទោស​ពូជ‌ពង្ស​អ៊ីសាហាក់។ សូម​អ្នក​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ: 17ទ្រង់​មាន​បន្ទូល​ថា: ប្រពន្ធ​របស់​អ្នក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​អ្នក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​អ្នក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

ទើបបានជ្រើសរើសហើយ៖

ណាពី​អេម៉ុស 7: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល