សាការី 4

4
1ឯ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក 2រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល នឹង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​និមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង 3ក៏​មាន​ដើម​អូលីវ​២ នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង 4នោះ​ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ នេះ​តើ​ជា​អ្វី 5ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ 6នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ 7ឱ​ភ្នំ​ធំ​អើយ តើ​ឯង​ជា​អ្វី ឯង​នឹង​ត្រូវ​ត្រឡប់​ជា​ដី​រាប​ស្មើ​វិញ នៅ​ចំពោះ​សូរ៉ូ‌បា‌បិល ហើយ​លោក​នឹង​នាំ​យក​ថ្ម ជា​កំពូល​ចេញ​មក ដោយ​មាន​សំរែក​ស្រែក​ហ៊ោ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ អើ ដោយ​ព្រះ‌គុណ​ចុះ 8រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា 9ដៃ​នៃ​សូរ៉ូ‌បា‌បិល​បាន​ដាំ​ឫស​ព្រះ‌វិហារ​នេះ ហើយ​ដៃ​លោក​នឹង​ធ្វើ​បង្ហើយ​ផង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ចាត់​អញ​មក​ឯ​ឯង 10ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​៧​នាក់​នោះ​នឹង​រីក‌រាយ​ឡើង ហើយ​នឹង​ឃើញ​កូន​តឹង នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល។
11នោះ​ខ្ញុំ​ក៏​សួរ​ទេវតា​ថា ដើម​អូលីវ​ទាំង​២ ដែល​នៅ​ខាង​ស្តាំ ហើយ​ខាង​ឆ្វេង​នៃ​ជើង​ចង្កៀង នោះ​តើ​ជា​អ្វី 12ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា ឯ​មែក​អូលីវ​ទាំង​២​នេះ នៅ​ក្បែរ​បំពង់​មាស​ទាំង​២ ដែល​បង្ហូរ​ប្រេង​សម្បុរ​មាស​ចេញ​នោះ តើ​ជា​អ្វី 13រួច​ទេវតា​ក៏​សួរ​តប​មក​ថា តើ​ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ នោះ​ខ្ញុំ​ឆ្លើយ​ថា លោក​ម្ចាស់​អើយ​មិន​ស្គាល់​ទេ 14ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​អ្នក​ទាំង​២ ដែល​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​ដុំ​មូល។

ទើបបានជ្រើសរើសហើយ៖

សាការី 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល