សាការី 11
11
1ឱល្បាណូនអើយ ចូរបើកទ្វារឯងឡើង ដើម្បីឲ្យភ្លើងបានឆេះដើមតាត្រៅរបស់ឯង 2ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ 3មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេបានត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកគ្រហឹមនៃសិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានត្រូវខូចបង់ទៅ។
4ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ទ្រង់មានបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ 5ជាហ្វូងដែលពួកអ្នកទិញក៏សំឡាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ 6ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ 7ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបង២មក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លំអ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ហើយខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ 8ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
9នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ 10ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លំអ» មកកាច់បំបាក់ ដើម្បីនឹងផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ 11សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះឯង យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ា 12នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ 13រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា 14រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធ» នោះបង់ ដើម្បីនឹងផ្តាច់សេចក្ដីមេត្រីគ្នារបស់ពួកយូដា នឹងពួកអ៊ីស្រាអែលចេញ។
15ព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្តងទៀត 16ដ្បិតមើល អញនឹងឲ្យមានអ្នកគង្វាល១ កើតឡើងក្នុងស្រុកដែលមិនយកចិត្តទុកដាក់នឹងចៀម ដែលវង្វេងបាត់ឡើយ ក៏មិនព្រមទៅរកណាដែលខ្ចាត់ខ្ចាយ ឬរុំអបណាដែលភ្លាត់បាក់ ឬឃ្វាលណាដែលនៅជាប់តាមហ្វូងផង គឺនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាវិញ 17វេទនាដល់អ្នកគង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រីវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ។
ទើបបានជ្រើសរើសហើយ៖
សាការី 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.